យោងទៅលើសារព័ត៌មានចុងក្រោយដែលបានចុះផ្សាយនៅលើទំព័រកាសែត The Wall Street Journal បានឲ្យដឹងថា ក្រុមហ៊ុន Apple ដែលមានទីស្នាក់ការធំនៅទីក្រុង Cupertino បាននឹងកំពុងចរចាជាមួយនឹងគណះទេសាភិបាលរបស់បណ្តាធនាគារធំៗល្បីៗ រួមនឹងអាជ្ញាធរនៅក្នុងប្រទេសកាណាដា ដើម្បីទទួលបានអាជ្ញាប័ណ្ណជុំវិញការផ្តល់នៅសេវាកម្ម Apple Pay ដល់បណ្តាធនាគារទាំងនោះប្រើប្រាស់។
នៅក្នុងកិច្ចពិភាក្សាចុងក្រោយនេះ Apple បានជូបពិភាក្សាជាមួយនឹងគណះទេសាភិបាលរបស់ធនាគារធំៗចំនួន 6 របស់កាណាដាដែលរួមមាន Royal Bank of Canada, Toronto-Dominion Bank, Bank of Nova Scotia, Bank of Montreal, Canadian Imperial Bank of Commerce និងNational Bank of Canada។
នៅក្នុងកិច្ចពិភាក្សានេះគណះគ្រប់គ្រងធនាគារទាំងនេះបានស្នើរឲ្យ Apple ត្រូវបង្កើតគណនីយធនាគារលក់រាយ 90% នៃគណនីយសរុបទាំងអស់របស់ពួកគេ និងត្រូវធ្វើឲ្យមានសក្តានុភាពខ្ពស់ទាំងទំនុកចិត្ត សុវត្តិភាព ការធានារ៉ាប់រង និងផលប៉ះពាល់ផ្សេងៗដែលនឹងអាចកើតមានជាយថាហេតុជុំវិញការចំនាយរបស់អតិថិជននៅពេលប្រើសេវាកម្មមួយនេះ។
ជាមួយគ្នានេះ Apple ក៏បានបង្ហាញពីគោលជំហយ៉ាងរបស់ខ្លួនមុតមាំថា ក្រុមហ៊ុននឹងធ្វើឲ្យអតិថិជនជឿទុកចិត្តមកលើក្រុមហ៊ុនរបស់ខ្លួនក្នុងការប្រើប្រាស់នូវសេវាកម្ម Apple Pay ហើយក្រុមហ៊ុននឹងបញ្ចប់ការចរចាជាមួយនឹងបណ្តាធនាគារទាំងនោះក្នុងពេលដ៏ខ្លីខាងមុខនេះ ព្រោះ ថាវានៅមានបញ្ហាតិចតូចបំផុតដែលត្រូវដោះស្រាយបញ្ចប់។ Apple Pay គឺជាសេវាកម្មថ្មីមួយរបស់ Apple ដែលអាចឲ្យអ្នកប្រើប្រាស់ iDevice អាចទូទាត់ការចំនាយផ្សេងៗបានគ្រប់ពេលគ្រប់ទីកន្លែងជាមួយនឹងប្រព័ន្ធ NFC-based payment system៕