ស្មាតហ្វូនត្រកូល L Series របស់ LG ដែលបានប្រកាសចេញចរាចរណ៍លក់កាលពីឆ្នាំកន្លងទៅគឺទទួលបានជោជ័យគួរឲ្យកត់សំគាល់។ ហើយខណះពេលនេះក្រុមហ៊ុន LG ក៏បានប្រលែងចេញជំនាន់ទីពីរមួយម៉ូដែលទៀតដែលមានលក្ខណះ កាន់តែពិសេសជាងជំនាន់មុន។យោងតាមប្រភពព័ត៌មានដែលមានចុះផ្សាយដោយគេហទំព័រ http://www.androidcentral.com បានឲ្យដឹងថា “ស្មាតហ្វូន L Series ជំនាន់ទីពីរនេះគឺជាម៉ូដែល LG Bello II ដែលត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងរូបរាងថ្មីរួមទាំងមានសមត្ថភាពប្រើការខ្លាំងជាងម៉ូដែលមុន”។
ប្រភពដដែលបានឲ្យដឹងទៀតថា LG Bello II បំពាក់ដោយអេក្រង់ទំហំធំ 5.0 អ៊ីង FWVGA (854 x 480p), ប្រើបន្ទះឈីប MediaTek MT6582 ដែលមានអង្គគណនា Quad-Core ល្បឿន 1.3 GHz Cortex-A7, រ៉េមទំហំ 1 GB, ដំណើរការដោយ Android 5.1.1 Lollipop និងមានទំហំផ្ទុកក្នុងម៉ាស៊ីន 8 GB។ ចំនែកកាមេរ៉ាខាងក្រោយមានទំហំ 8.0 MP ដូចម៉ូដែលមុនដែរ ដោយឡែកកាមេរ៉ាមុខត្រូវបានបង្កើនទំហំរហូតដល់ទៅ 5.0MP ដែលរចនាឡើងយ៉ាងពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូប Selfie។
LG Bello II មានពីរម៉ូដែលគឺម៉ូដែលប្រើស៊ីមមួយ និងម៉ូដែលប្រើស៊ីមពីរ ព្រមទាំងមានបីពណ៌គឺ ស ខ្មៅ និងពណ៌មាស។ Bello II នឹងមានដាក់លក់ដំបូងក្នុងទីផ្សារប្រទេសឥណ្ឌា និងអាមេរិកឡាទីនក្នុងខែនេះតែម្តង។ ហើយសម្រាប់ទីផ្សារបន្ទាប់មកទៀតគឺនៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប និងរ៉ុស្ស៊ី។ ប៉ុន្តែចំពោះតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីនេះគឺមិនត្រូវបាន LG ប្រកាសឲ្យដឹងនៅឡើយទេ៕
ប្រភពព័ត៌មាន: http://www.androidcentral.com/lg-bello-ii-announced-5-inch-display-5mp-front-camera