កន្លងមកបណ្តាបណ្តាញសារព័ត៌មានបរទេសល្បីៗបានចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួនដោយបានលើកឡើងថា ក្រុមហ៊ុនផលិត Software លំដាប់ថ្នាក់លេខ 1 ពិភពលោក Microsoftត្រៀមនឹងបញ្ចេញស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Lumia 950 Series នៅថ្ងៃទី 10 ខែតុលាខាងមុខនេះ។ ហើយមកទល់នឹងពេលនេះក៏មានព័ត៌មានថ្មីចុងក្រោយមួយទៀតពីបណ្តាញ Windows Phone blog របស់បារាំងដែលបានលើកឡើងថា កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Microsoft ដែលត្រៀមនឹងប្រលែងចេញមុនដំណាច់ឆ្នាំនេះមានមួយម៉ូដែលអាចនឹងមានតម្លៃថ្លៃមិនក្រោមiPhone 6s Plus របស់ Apple ឡើយ ម៉ូដែលនោះគឺ Microsoft Lumia 950 XL។
ការលើកឡើងដូចនេះដោយសំអាងទៅលើចំនុចខ្លាំងទាំងផ្នែករឹង និងបច្ចេកវិទ្យាទំនើបៗដែលភ្ជាប់មកជាមួយកំពូលស្មាតហ្វូនជំនាន់ថ្មីមួយនេះដែលបានលេចចេញនាពេលកន្លងមក។ Microsoft 950 XL អាចចាត់ទុកជាកំពូលហ្វាប់ប្លេត Windows 10 Phone ដំបូងគេដែលនឹងបំពាក់អេក្រង់ទំហំ 5.7” OLED QHD-1440 x2560p ដែលមានតួរផលិតពីសារធាតុប៉ូលីកាបូណាត (ផ្លាស្ទីក), ប្រើប្រាស់បន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm ស៊េរី Snapdragon 810, អង្គចងចាំ 3GB RAM, ថ្មខ្នាត 3,300 mAh, ទំហំផ្ទុកស្រាប់ក្នុងម៉ាស៊ីន 32GB និងមានរន្ធដោតបន្ថែមក្រៅផងដែរ។
ជាងនេះទៅទៀតហ្វាប់ប្លេតមួយនេះនឹងបំពាក់កាមេរ៉ាក្រោយទំហំ 20MP Carl Zeiss lens ជាមួយនឹងបច្ចេកវិទ្យាចាប់រូបភាពបានឆ្ងាយនៅតែច្បាស់ PureView រួមទាំងមានអំពូលឡែដហ្វាស់ចំនួនដល់ទៅបីគ្រាប់ឯណោះ(Triple-LED flash)។ ចុះបើព័ត៌មាននេះជាការពិត តើប្រិយមិត្តយល់ឃើញដូចម្តេចចំពោះតម្លៃកំពូលហ្វាប់ប្លេត Windows 10 Phone មួយនេះ បើគ្រាន់តែសំភារះដែលភ្ជាប់មកជាមួយវាមានតម្លៃជាង 200 ដុល្លារទៅហើយនឹង?