វាជារឿងធម្មតាទៅហើយដែលមុននឹងក្រុមហ៊ុនមួយប្រកាសចេញផលិតផលបច្ចេកវិទ្យាថ្មីអ្វីមួយពិសេសទូរស័ព្ទស្មាតហ្វូន និងឧបរកណ៍កម្សាន្តចល័ត (Tablet) វាតែងតែមានលេចចេញពាក្យចចាមអារាមជាហូរជាហែរទាក់ទងនឹងរូបរាង រចនាបថ សមត្ថភាព មុខងារ និងបច្ចេកវិទ្យានៃផលិតផលទាំងនោះជាមុនសិន។តួរយ៉ាងដូចជាថ្មីៗនេះក៏បានលេចចេញព័ត៌មានចចាមអារាមថ្មីមួយទាក់ទងនឹងវត្តមានកំពូលស្មាតហ្វូនកាត់ថេបប្លែតជំនាន់ទី6 របស់សាំស៊ុងគឺ Samsung Galaxy Note6 ដែលថាវាអាចនឹងបង្ហាញវត្តមាននាពាក់កណ្តាលឆ្នាំនេះ។ ជាមួយគ្នានេះដែរប្រភពព័ត៌មានដែលបានចុះផ្សាយក្នុងគេហទំព័រ sammobile.com បានឲ្យដឹងខ្លះៗពីមុខងារ និងបច្ចេកវិទ្យាមួយចំនួនដែលនឹងមានភ្ជាប់មកជាមួយនឹងស្មាតហ្វូនជំនាន់ថ្មីនេះថា Samsung Galaxy Note6 អាចនឹងភ្ជាប់នូវមុខងារការពារជ្រាបទឹក IP68 certified ដែលអាចធន់នឹងជម្រាបទឹកបាន 1 ម៉ែត្រកន្លះដូចគ្នាទៅនឹងស្រឡាយ Samsung Galaxy S7 ដែរ។
ហើយជាពិតសេសជាងនេះទៅទៀតនោះ Galaxy Note 6 ក៏អាចនឹងបំពាក់បច្ចេកវិទ្យាសំគាល់ប្រស្រីភ្នែកនៅលើកាមេរ៉ាខាងមុខធ្វើជាសោរសុវត្ថិភាពជំនូសក្រយ៉ៅម្រាមដៃដែលមានឈ្មោះថា “iris scanner”។ ចំពោះរូបរាង រចនាបថ និងសមត្ថភាពប្រើការទូទៅប្រភពមិនបានបង្ហើបឲ្យដឹងនោះទេដោយគ្រាន់តែឲ្យដឹងថា Samsung Galaxy Note6 អាចបំពាក់កញ្ចក់អេក្រង់ទំហំ 5.7”, ដំណើរការដោយ Android N ចេញពីប្រអប់ និងមានរ៉េមទំហំ 6GB តែប៉ុណ្ណោះ។ យោងតាមអ្នកវិភាគមួយចំនួនក៏បានទស្សន៍ទាយទុកមុខថា Samsung Galaxy Note6 អាចនឹងបង្ហាញវត្តមានក្នុងខែមិថុនា ឬក៏កក្កដាឆ្នាំនេះ។ ហើយអ្វីៗនឹងមានការផ្លាស់ប្តូរនៅពេល Samsung ប្រកាសចេញជាផ្លូវការណ៍នូវកំពូលស្មាតហ្វូនកាត់ថេបប្លែតជំនាន់ថ្មីនេះ។ ពិភពអេឡិចត្រូនិកនឹងពាំនាំព័ត៌មានថ្មីៗជាបន្តបន្ទាប់ទៀតទាក់ទងនឹង Samsung Galaxy Note 6 មកចុះផ្សាយជូនប្រិយមិត្តបានដឹង ដូចនេះសូមរងចាំតាមដានទាំងអស់គ្នាណានៅលើគេហទំព័រព័ត៌មានរបស់យើងខ្ញុំ៕