ថ្មីៗនេះ មានព័ត៍មានជាច្រើន ទាក់ទងនឹងការបង្ហាញខ្លួនរបស់ Samsung Galaxy S8 ហាក់មានការលេចធ្លាយជាបន្តបន្ទាប់នៅមួយរយះចុងក្រោយនេះ ហើយថ្មីនេះក៏មានគេហទំព័រមួយឈ្មោះថា The Guardian ដែលបានចុះផ្សាយពីសេចក្តីលំអិតរបស់ទូរស័ព្ទស្មាតហ្វូនមួយនេះ និងបានបង្ហាញផងដែរថា ទូរស័ព្ទស្មាតហ្វូនមួយនេះ ត្រូវបានគេសន្មត់ថា នឹងត្រូវបានប្រកាសចេញជាផ្លូវការនៅចុងខែមិនាខាងមុខ នឹងត្រូវធ្វើការនាំចេញទៅលក់នៅក្នុងខែមេសា ដែលត្រូវនឹងពាក្យចរចាមអារ៉ាមមួយ ដែលយើងបានលឺថា ទូរស័ព្ទស្មាតហ្វូនមួយនេះ នឹងមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោក MWC នៅក្នុងឆ្នាំនេះនោះឡើយ។
នៅមានភាពចម្រូងចម្រាសជាច្រើនទៀតផងដែរ តែគេហទំព័រ The Guardian ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា Galaxy S8 នឹងមានរន្ធដោតកាសដោយបានឈរនៅលើអំណះអំណាងរបស់ប្រភពជាច្រើនរួមគ្នា ដែលផ្ទុយទៅនឹងរបាយការណ៍ ដែលបានបង្ហាញកាលពីខែធ្នូកន្លងទៅ។ ហើយក៏មានរបាយការណ៍ថ្មីមួយទៀតពី Bloomberg ក៏បានធ្វើការបដិសេធចំពោះពាក្យចរចាមអារ៉ាមថា នឹងមានអេក្រង់ពេញផ្ទៃ ដែលមានន័យថា នឹងមិនមានប៊ូតុងចុចទៀតហើយ។
ព័ត៍មានមួយចនួនទៀតមានដូចជា អាចទំនងនឹងប្រើប្រាស់បន្ទះឈីបប្រភេទ Snapdragon 835 ទ្រទ្រង់ជាមួយមេម៉ូរីកាត microSD មានរន្ធ UDB-C និងមានកំណែប្រែថ្មីសម្រាប់ប្រើប្រាស់ជាមួយនឹងផលិតផល VR និង កាមេរ៉ា Gear 360 ។ ហើយចំណុចសំខាន់មួយទៀតដ៏ពិសេសនោះគឺមុខងារថ្មី “DeX Dock” ដែល វាគឺជាមុខងារដ៏ពិសេស អាចធ្វើឲ្យទូរស័ព្ទប្រែក្លាយទៅជាកុំព្យួទ័រលើតុយ៉ាងពិសេសបំផុត។ ការធ្វើឲ្យទូរស័ព្ទអាចប្រែក្លាយជាកុំព្យួទ័រពិត ហាក់មិនទាន់មានក្រុមហ៊ុនណាយកមកប្រើនូវគំនិតនេះ បានសម្រេចនៅឡើយ បើទោះបីជាមានការព្យាយាមធ្វើឡើងពីសំណាក់ក្រុមហ៊ុន Microsoft និង Motorola ហើយក៏ដោយ។ ហើយយើងនឹងរង់ចាំមើលថា តើក្រុមហ៊ុន Samsung នឹងអាចសម្រេចបានឬទេចំពោះគំនិតមួយនេះ ដែលអាចនាំទៅដល់ការកំណត់នៃជោគវាសនារបស់ក្រុមហ៊ុនផ្ទាល់ផងដែរ៕