ព័ត៌មានថ្មីចុងក្រោយបំផុតដែលបញ្ចេញដោយគណនីដ៏ល្បីឈ្មោះមួយ Evan Blass បានបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy S8 និង Galaxy S8 Plus នឹងប្រើប្រាស់នូវថាមពលថ្មដែលមានកម្លាំង 3000mAh និង 3500mAh ។ ចំនែកទំហំអេក្រង់របស់ស្មាតហ្វូននេះ ត្រូវបានគេដឹងថា នឹងមានទំហំធំជាងស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge ជាមួយនឹងអេក្រង់ទំហំ 5.8 អ៊ីងនិង 6.2 អ៊ីងរួមទាំងស៊ុមព័ទ្ធជុំវិញកញ្ចក់អេក្រង់ផ្នែកខាងលើ និងផ្នែកខាងក្រោមកាន់តែស្តើងជាទីបំផុត។
របាយការណ៍ថ្មីមួយទៀតដែលទើបតែចេញផ្សាយពីប្រទេសកូរ៉េបានអះអាងថា ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលថ្មរបស់ក្រុមហ៊ុន Samsung នឹងផលិតនូវទំហំថ្មប៉ុនស៊េរីមុនផងដែរគ្រាន់តែទំហំថាមពលរបស់វាគឺ 3250mAh និង 3750mAh ។ ប្រភពដដែលបានអះអាងទៀតថា ថាមពលថ្មទាំងពីរនេះប្រហែលជាផលិតឡើងសម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus ប៉ុន្តែក្រុមហ៊ុន Samsung ក៏អាចធ្វើការផ្លាស់ប្តូរភ្លាមៗបានផងដែរទៅលើថាមពលថ្មនេះ។
ពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវនៃបញ្ហារបស់ហ្វាប់ប្លេត Galaxy Note 7 ក្រុមហ៊ុន Samsung ប្រហែលជាប្រុងប្រយ័ត្នខ្លាំងក្នុងការផលិតនូវថ្មសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង S8 Plus ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺថា ស្មាតហ្វូន Galaxy S8 នឹងប្រើប្រាស់ជាមួយបន្ទះឈីប 10nm ដែលផ្តល់នូវអនុភាពខ្លាំងក្លា រួមទាំងជាចំណែកមួយនៃការសន្សំសំចៃថាមពលថ្មឱ្យប្រើប្រាស់បានកាន់តែយូរថែមទៀតបើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុនៗ៕