ពាក្យចចាមអារ៉ាម និងព័ត៌មានមួយចំនួនបានបែកធ្លាយជាបន្តរបន្ទាប់អំពីទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ហើយនៅពេលនេះ យើងទទួលបានព័ត៌មានថ្មីមួយទៀតដែលបញ្ជាក់ថាទូរស័ព្ទ Samsung Galaxy S8 នឹងមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress 2017 ដែលធ្វើឡើងនៅខែក្រោយនេះនោះទេ ប៉ុន្តែយើងក៏អាចធ្វើការទស្សន៍ទាយអំពីកាលបរិច្ឆេទនៃការប្រកាសនូវទូរស័ព្ទស៊េរីថ្មីនេះផងដែរ។ កាលពីពេលមុននេះ ក្រុមហ៊ុន Samsung ធ្លាប់បានប្រកាសហើយថា ទូរស័ព្ទ Galaxy S8 នឹងមិនទាន់ប្រកាសបង្ហាញវត្តមាននោះទេនៅចុងខែកុម្ភៈខាងមុខនេះទេ (ព័ត៌មាននេះ មិនបានប្រកាសជាសាធារណៈនោះទេ)។ ស្របពេលជាមួយគ្នានេះផងដែរ យើងបានទទួលនូវព័ត៌មានជាច្រើន ដែលនៅតែអះអាងថា ទូរស័ព្ទស៊េរីថ្មីនេះពិតជាបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC 2017 ខាងមុខនេះ។
ពាក្យចចាមអារ៉ាមថ្មីមួយទៀតពេលនេះបានអះអាងថា ទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung នេះនឹងធ្វើការប្រកាសបង្ហាញខ្លួននៅថ្ងៃទី 29 ខែមីនា។ ទូរស័ព្ទ Samsung Galaxy S8 ក៏នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សម្ភោធន៍ជាផ្លូវការនៅក្នុងទីក្រុងមួយចំនួនផងដែរនៅសហរដ្ឋអាមេរិច និងអ៊ឺរ៉ុបផងដែរ។ ប្រសិនបើយើងគិតត្រឡប់ទៅការព្រឹត្តិការណ៍ប្រកាសបង្ហាញទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung កាលពីពេលមុននេះ យើងអាចនិយាយបានថា សន្និសីទនៃការសម្ភោធន៍ទូរស័ព្ទស៊េរីថ្មីនឹងធ្វើឡើងនៅពេលវេលាដូចគ្នានៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច និងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស។
យោងតាមប្រភពដដែលបានបញ្ជាក់ថា ទូរស័ព្ទ Galaxy S8 ពិតជាអាចបំបែកនូវកំណត់ត្រានៃការលក់នៅក្នុងទីផ្សារដែល មិនធ្លាប់មានពីមុនមកបន្ទាប់ពីការប្រកាសបង្ហាញខ្លួន។ ជាមួយគ្នានេះផងដែរ ភាគច្រើនទូរស័ព្ទស៊េរីថ្មី នឹងត្រូវដាក់លក់នៅក្នុងសប្តាហ៍ទី 17 ក្នុងឆ្នាំ 2017 នេះ ដែលមានន័យថា លោកអ្នកអាចរកទិញទូរស័ព្ទនេះប្រើប្រាស់បាននៅចុងខែមេសា៕