នៅព្រឹកនេះ រូបភាពមួយសន្លឹក ដែលបង្ហាញអំពីលក្ខណៈសម្បតិ្ត និងតម្លៃរបស់ទូរស័ព្ទស៊េរីថ្មី Huawei P10 និង Huawei P10 Plus ត្រូវបានបង្ហាញខ្លួននៅលើអនឡាញ។ នៅក្នុងរូបភាពដែលបានបែកធ្លាយនេះ យើងនៅមិនទាន់អាចផ្ទៀងផ្ទាត់បាននោះទេថា វាជាការពិតនោះទេ។ តាមរយៈរូបភាពនេះ ទូរស័ព្ទ Huawei P10 នឹងមាន 3 ប្រភេទផ្សេងៗគ្នា។ ទូរស័ព្ទម៉ូដែលថ្មីទាំងនេះ មានដូចជា រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB មានតម្លៃ 508 ដុល្លារអាមេរិច។ សម្រាប់ម៉ូដែលរ៉េម 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB មានតម្លៃ 595 ដុល្លារអាមេរិច។ ហើយសម្រាប់ម៉ូដែលរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB មានតម្លៃ 682 ដុល្លារអាមេរិច។
ទូរស័ព្ទ Huawei P10 Plus មានតែពីរជម្រើសតែប៉ុណ្ណោះ។ ម៉ូដែលនេះ មានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ដែលមានតម្លៃ 726 ដុល្លារអាមេរិច។ ចំនែកម៉ូដែលដែលមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB មានតម្លៃដល់ទៅ 828 ដុល្លារអាមេរិច។ ទូរស័ព្ទទាំងពីរស៊េរីម៉ូដែលនេះ នឹងមានអេក្រង់ទំហំ 5.5 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1440x2560 ភិចសែល ប្រើប្រាស់ជាមួយនឹងបន្ទះឈីប Kirin 965 ប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 12 មេហ្គាភិចសែលស្ថិតនៅផ្នែកខាងក្រោយជាមួយនឹងស្លាកសញ្ញា Leica ។ ចំនែកកាមេរ៉ាខាងមុខសម្រាប់ថតរូប Selfies វិញមានទំហំដល់ទៅ 8 មេហ្គាភិចសែល។ របាយការណ៍មួយដែលបានបញ្ជាក់កាលពីខែមុននេះ បានបញ្ជាក់ថា ទូរស័ព្ទ Huawei P10 នឹងមានអេក្រង់រាបស្មើរធម្មតា ខណៈពេលដែលទូរស័ព្ទ Huawei P10 Plus នឹងមានអេក្រង់គែមកោងយ៉ាងស្រស់ស្អាត។
ទូរស័ព្ទទាំងពីរម៉ូដែលនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC នៅក្នុងទីក្រុងបាសេឡូណានៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះ។ នៅថ្ងៃនោះ យើងក៏នឹងបានឃើញនូវវត្តមានរបស់ថេប្លេត Samsung Galaxy Tab S3, LG G6 និងទូរស័ព្ទ Nokia ស៊េរីថ្មីជាច្រើនគ្រឿងផងដែរ៕