ក្រុមហ៊ុន ASUS ទើបតែបានប្រកាសចេញទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Zenfone 3s Max ដែលមានតម្លៃធូរថ្លៃបំផុតត្រឹមតែ 14,999 រ៉ូពីប្រហែល 220 ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ទីផ្សារប្រទេសឥណ្ឌា។ ស្មាតហ្វូនស៊េរីថ្មីមួយនេះក៏នឹងមានចេញដាក់លក់ជាផ្លូវការណ៍ផងដែរក្នុងទីផ្សារប្រទេសឥណ្ឌាក្នុងពេលដ៏ខ្លីខាងមុខនេះដែលអតិថិជនអាចរកជាវបានទាំងនៅលើបណ្តាញលក់ទំនិញអនឡាញ និងបណ្តាហាងចែកចាយបន្តជាច្រើនទៀត។ ចំនុចសំខាន់បំផុតសម្រាប់បុកទីផ្សារក្នុងប្រទេសឥណ្ដាសម្រាប់ស្មាតហ្វូន Asus Zenfone 3s Max នេះគឺស្ថិតនៅលើកំលាំងថ្មដ៏ខ្លាំងរបស់វាដែលមានទំហំធំរហូតដល់ទៅ 5,000mAh។
ហើយក្រៅពីនេះ Zenfone 3s Max នៅមានបំពាក់ដោយកញ្ចក់អេក្រង់ប្រភេទ 2.5D IPS LCD ទំហំ 5.2 អ៊ីញជាមួយកម្រិតបង្ហាញ 720x1280 ភិចសែល, ប្រើបន្ទះឈីប MediaTek MT6750 SoC ប្រភេទ Octa-core, Cortex-A53, ក្រាហ្វិក Mali-T860 MP2, មានរ៉េមទំហំ 3GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ព្រមទាំងមានរន្ធដោតម៉េមូរីដែលអាចបន្ថែមទំហំបាន 256GB ទៀតផង។ បន្ថែមពីលើគុណសម្បត្តិទាំងអស់នេះ Zenfone 3s Max នៅមានបំពាក់មកជាមួយកាមេរ៉ាថតរូបខាងក្រោយទំហំ 13MP, ខាងមុខទំហំ 8.0MP, ប្រើប្រាស់បានស៊ីមកាតពីរប្រព័ន្ធដែលទ្រទ្រង់បានសេវា 4G LTE, ដំណើរការដោយ Android Nougat v7.0 ជាមួយ ZenUI3.0 និងមានបច្ចេកវិទ្យាដោះសោរទូរស័ព្ទដោយប្រើក្រយ៉ៅម្រាមដៃទៀតផង។
Asus Zenfone 3s Max ផ្តល់ជូននូវជម្រើសពីរពណ៌គឺខ្មៅ និងពណ៌មាស។ ហើយក្នុងពេលដ៏ខ្លីខាងមុខនេះក្រុមហ៊ុននឹងពាំនាំទៅដាក់លក់នៅទីផ្សារបណ្តាប្រទេសជាច្រើនទៀតនៅទូទៅសកលលោកផងដែរ៕