ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung Electronics ប្រហែលជាបានសម្រេចចិត្តរួចទៅហើយក្នុងការជ្រើសរើសនូវកម្រិតថាមពលថ្ម 3000 mAh និង 3500mAh សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនស៊េរីថ្មីរបស់ពួកគេ។ យោងទៅតាមរបាយការណ៍ថ្មីមួយចេញពី The Investor បានបញ្ជាក់ឱ្យដឹងថា ស្មាតហ្វូន Galaxy S8 នឹងមានថាមពលថ្ម 3000mAh ខណៈពេលដែលស្មាតហ្វូន Galaxy S8 Plus នឹងមានថាមពលថ្ម 3500mAh ដែលដូចគ្នាទៅនឹងហ្វាប់ប្លេត Galaxy Note 7។ ការជូនដំណឹងនេះ គឺបានមកពីបុគ្គលិកធ្វើការនៅក្នុងក្រុមហ៊ុន Samsung ម្នាក់ដែលបាននិយាយទៅកាន់ព័ត៌មាន News 1 នៅក្នុងប្រទេសកូរ៉េខាងត្បូង។ គាត់ត្រូវបានគេដកស្រង់សម្តីថា ក្រុមហ៊ុន Samsung បានឈានទៅដល់ការសម្រេចចិត្តមួយក្នុងការជ្រើសរើសទំហំនៃថាមពលថ្មបន្ទាប់ពីការធ្វើតេស្តសុវត្ថិភាពបានបញ្ចប់រួចរាល់ហើយ។
បន្ទាប់ពីមានបញ្ហារួចម្តងទៅហើយទៅលើហ្វាប់ប្លេត Galaxy Note 7 ក្រុមហ៊ុន Samsung ក៏បានផ្លាស់ប្តូរនូវរោងចក្រផ្គត់ផ្គង់ថាមពលថ្មរបស់ខ្លួនវិញដោយជ្រើសរើសយកក្រុមហ៊ុនរបស់ប្រទេសជប៉ុនដែលមានឈ្មោះថា Murata Manufacturing ដែលជាអ្នកផ្គង់ផ្គង់ធំមួយបន្ទាប់ពីក្រុមហ៊ុន Samsung SDI និងក្រុមហ៊ុន ATL របស់ប្រទេសចិន។ វាមានពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងមួយនេះប្រហែលជាអាចកាត់ចោលនូវការទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន ATL បន្ទាប់ពីមានបញ្ហាផ្ទុះទៅលើហ្វាប់ប្លេត Galaxy Note 7 ដែលបណ្តាលឱ្យក្រុមហ៊ុនត្រូវប្រកាសប្រមូលពីទីផ្សារជុំវិញពិភពលោកទាំងអស់ ប៉ុន្តែដំណឹងមួយនេះនៅមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ។
របាយការណ៍ផ្សេងៗទៀតជាច្រើន បានលើកឡើងថា ថ្មីៗនេះ ក្រុមហ៊ុន Samsung បានចាប់ផ្តើមទទួលបាននូវការផ្គត់ផ្គង់នៃសមាសភាគស្មាតហ្វូនយ៉ាងច្រើនពីដៃគូសហការរបស់ខ្លួនដែលមានន័យថា ការចាប់ផ្តើមផលិតនូវស្មាតហ្វូន Galaxy S8 ទ្រង់ទ្រាយធំ នឹងធ្វើឡើងនាពេលឆាប់ៗនេះ៕