បន្ទាប់ពីមានការបែកធ្លាយជាង 1 ខែកន្លងមកហើយ ពេលនេះ ក្រុមហ៊ុនផលិតនូវសម្បក Case ស្មាតហ្វូនក៏ប្រហែលជាអាចដឹងអំពីទំហំវិមាត្រ និងរូបរាងរបស់ស្មាតហ្វូន Galaxy S8 និង Galaxy S8 កាន់តែច្បាស់ហើយនៅពេលនេះ។ នៅក្នុងគំនូសព្រាងទាំងនេះ អាចបង្ហាញអំពីវិមាត្រយ៉ាងច្បាស់លាស់របស់ស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus ហើយព័ត៌មាននេះ បានទទួលមកពីមនុស្សម្នាក់ដែលធ្លាប់បានឃើញផ្ទាល់ភ្នែកអំពីរូបរាងរបស់ស្មាតហ្វូននេះ។.
លោកអ្នកអាចមើលឃើញយ៉ាងច្បាស់អំពីគំនូសព្រាងនេះ ដែលកម្រិត Aspect Ratio របស់អេក្រង់គឺប្រហែលជា 18.5:9 ហើយលេខនេះ គឺស្រដៀងទៅនឹងព័ត៌មានរបស់គណនី Evan Blass @evleaks បានបញ្ជាក់កាលពីសប្តាហ៍មុនផងដែរ។ បើពិនិត្យមើលនៅត្រង់ផ្នែកខាងក្រោមវាប្រហែលជាមានទំហំ 2:1 Aspect Ratio ដែលត្រូវបានគេហៅឈ្មោះថា Univisium Format ដែលទូរស័ព្ទ LG G6 ក៏នឹងប្រើប្រាស់វាដូចគ្នាដែរ។
កាលពីសប្តាហ៍មុននេះ ព័ត៌មានបែកធ្លាយបានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃស្ថិតនៅផ្នែកខាងក្រោយនៃទូរស័ព្ទប្រហែលជានៅផ្នែកខាងស្តាំដែលជាកន្លែងដែលម្រាមដៃចង្អុលងាយស្រួលប៉ះនៅពេលដែលលោកអ្នកប្រើប្រាស់នូវដៃម្ខាងដើម្បីកាន់។ ប្រព័ន្ធស្កែនក្រយ៉ៅដៃនៅតែមានរូបរាងជាអេលីបដែលលោកអ្នកអាចស្រម៉ៃដល់ប៊ូតុង Home Key របស់ Galaxy S7 ។
រឿងដ៏ភ្ញាក់ផ្អើលធំមួយទៀតរបស់ស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus នោះ គឺការប្រើប្រាស់ Screen-to-body Ratio ដែលស៊ុមព័ទ្ធជុំវិញអេក្រង់កាន់តែមានទំហំតូចស្តើងបំផុត។ ប្រភពនេះ បានបញ្ជាក់ថា ទំហំអេក្រង់របស់ Galaxy S8 គឺ 5.8 អ៊ីងខណៈពេលដែលទំហំអេក្រង់របស់ Galaxy S8 Plus គឺ 6.2 អ៊ីងរៀងគ្នា។ សម្រាប់វិមាត្ររបស់ស្មាតហ្វូន Galaxy S8 Plus វិញមាន Screen-to-body Ratio ដល់ទៅ 85% សម្រាប់អេក្រង់គែមកោង ហើយសម្រាប់អេក្រង់រាបស្មើរវិញគឺមាន Screen-to-body Ratio ត្រឹមតែ 83% ប៉ុណ្ណោះ៕