កាលពីសប្តាហ៍មុននេះ យើងបានឃើញនូវរូបភាពពិតប្រាកដជាលើកដំបូងបំផុតរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន LG គឺ LG G6 ។ ព័ត៌មាននៃការបែកធ្លាយមិនទាន់បញ្ជប់នៅឡើយទេ នៅថ្ងៃនេះរូបភាពជាច្រើននៃគំរូរបស់ស្មាតហ្វូន LG G6 ត្រូវបានបែកធ្លាយ ប៉ុន្តែវាហាក់ដូចជាស្រដៀងទៅនឹងពាក្យចចាមអារ៉ាមលើកមុនដែលបាននិយាយអំពីស្មាតហ្វូនស៊េរីថ្មីនេះ។
រូបភាពទាំងនេះត្រូវបានបង្ហោះដំបូងបំផុតនៅលើ Droid Life ដែលបានបង្ហាញពីផ្នែកអេក្រង់ដែលហាក់ដូចជាប្រឡាក់នូវស្នាមអូសដៃជាច្រើនកន្លែង ហើយយើងនៅមិនទាន់អាចប៉ាន់ស្មានថាស្មាតហ្វូន LG G6 នឹងមានអេក្រង់គែមកោងដូចព័ត៌មានលើកមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ រូបភាពបែកធ្លាយនេះបង្ហាញថាស៊ុមព័ទ្ធជុំវិញកញ្ចក់អេក្រង់មានទំហំកាន់តែតូចហើយ ពិសេសវាគ្មានគែមកោងនៅលើអេក្រង់នេះទេ។ រូបភាពនៃស្មាតហ្វូននេះផ្នែកខាងក្រោយវិញបង្ហាញយ៉ាងច្បាស់ថា វានឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះរួមទាំងរន្ធដោតកាស Headphone Jack ថែមទៀតផង។ នៅផ្នែកខាងក្រោមមានដូចជាប្រព័ន្ធបំពងសំឡេង (Speakers) រួមទាំងរន្ធដោត USB Type-C ផងដែរ។
រូបភាពថ្មីៗជាច្រើនត្រូវបានបែកធ្លាយនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះមុនពេលដែលក្រុមហ៊ុន LG នឹងប្រារព្ធធ្វើព្រឹត្តិការណ៍របស់ខ្លួននៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញនៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះដែលមានរយៈពេលមុនមួយថ្ងៃនៃព្រឹត្តិការណ៍ Mobile World Congress 2017 ។ ក្រុមហ៊ុន LG ធ្លាប់បានបញ្ជាក់ហើយថា ស្មាតហ្វូន LG G6 នឹងមានអេក្រង់ទំហំ 5.7 អ៊ីងកម្រិតភាពច្បាស់ QHD+ ជាមួយ 18:9 Aspect Ratio និងជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវ Google Assistant AI ។ ក្រុមហ៊ុន LG ធ្លាប់បានសន្យារួចមកហើយថា ក្រុមហ៊ុននឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីដើម្បីកាត់បន្ថយនូវការកើនឡើងកម្តៅថ្ម ហើយវាមិនឱ្យមានបញ្ហាកើតឡើងដូចហ្វាប់ប្លេត Galaxy Note 7 នោះទេ។ យើងនឹងធ្វើការរង់ចាំមើលសម្រាប់ព្រឹត្តិការណ៍ MWC 2017 ថាតើក្រុមហ៊ុន LG មានអ្វីដែលថ្មីទៀតសម្រាប់ដាក់បង្ហាញនៅក្នុងការតាំងពិពរណ៍នេះ?