ថ្មីៗនេះ ក្រុមហ៊ុន GoPro បានប្រកាសថា យន្តហោះគ្មានមនុស្សបើក Karma Drone បានដាក់លក់ជាផ្លូវការវិញហើយ នៅលើវេបសាយរបស់ខ្លួន និងហាងលក់រាយជាច្រើននៅក្នុងសហរដ្ឋអាមេរិច។ យន្តហោះគ្មានមនុស្សបើក GoPro Karma Drone នេះទើបតែប្រកាសប្រមូលពីទីផ្សារត្រឡប់មកវិញបានប៉ុន្មានសប្តាហ៍ បន្ទាប់ពីចាប់ផ្តើមដាក់លក់នៅចុងខែតុលា។ ក្រុមហ៊ុន GoPro បានផ្អាកការលក់យន្តហោះគ្មានមនុស្សបើក Karma Drone នេះនៅដើមខែវិច្ឆិកា បន្ទាប់ពីអតិថិជនជាច្រើនបានរាយការណ៍ថា យន្តហោះនេះ បែរជាបិទដំណើរការដោយស្វ័យប្រវត្តិនៅពេលកំពុងហោះហើរ។ នៅខណៈពេលនោះ ក្រុមហ៊ុន GoPro បានលក់នូវយន្តហោះគ្មានមនុស្សបើក Karma Drone នេះបានចំនួនដល់ទៅ 2500 គ្រឿងរួចមកហើយ។ បន្ទាប់មកក្រុមហ៊ុន GoPro ក៏បានប្រកាសប្រមូលត្រឡប់មកវិញនូវយន្តហោះគ្មានមនុស្សបើកនេះទាំងអស់ដោយព្រួយបារម្ភទៅលើបញ្ហាសុវត្ថិភាព។
ក្រុមហ៊ុន GoPro បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា “ក្រុមហ៊ុន GoPro បានប្រមូលនូវយន្តហោះគ្មានមនុស្សបើក Karma Drone ត្រឡប់មកវិញនៅក្នុងខែវិច្ឆិកា ឆ្នាំ 2016 បន្ទាប់ពីមានករណីមួយចំនួនតូច ដែលបញ្ជាក់ថាថ្មរបស់វាមានបញ្ហានៅអំឡុងពេលហោះហើរ ដែលបណ្តាលឱ្យម៉ាស៊ីនរលត់តែម្តង។ ក្រុមហ៊ុន GoPro បានកំណត់ឃើញថា វាកើតឡើងដោយសារតែបញ្ហាថ្ម ហើយក្រុមហ៊ុន ក៏បានធ្វើការរចនាបង្កើតនូវថ្មថ្មីមួយទៀត សម្រាប់ប្រើប្រាស់ទៅលើយន្តហោះគ្មានមនុស្សបើក Karma Drone នេះ ដើម្បីដោះស្រាយទៅលើបញ្ហាដែលបានកើតមានឡើង។
ទោះជាយ៉ាងណាក៏ដោយ តម្លៃរបស់យន្តហោះគ្មានមនុស្សបើក Karma Drone របស់ក្រុមហ៊ុន GoPro នៅតែមានតម្លៃដដែលដូចកាលពីមុនគឺ 799.99 ដុល្លារ ខណៈពេលដែលយន្តហោះគ្មានមនុស្សបើក GoPro HERO5 Black មានតម្លៃដល់ទៅ 1099.99 ដុល្លារ។ សម្រាប់លោកអ្នកដែលបានទិញនូវ Karma Grip Stabilizer រួចហើយនោះ លោកអ្នកអាចទិញបន្ថែមនូវ Karma Drone បាននៅក្នុងខែមេសាខាងមុខនេះនៅក្នុងតម្លៃ 599.99 ដុល្លារ។
ក្រុមហ៊ុនលក់រាយជាច្រើនដែលដាក់លក់យន្តហោះគ្មានមនុស្សបើក GoPro Karma មានដូចជាក្រុមហ៊ុន Best Buy, B&H និងក្រុមហ៊ុន Amazon នេះបើតាមការបញ្ជាក់របស់ The Verge ។ ក្រុមហ៊ុន GoPro ក៏បានប្រាប់ទៅកាន់អតិថិជនរបស់ខ្លួនថា ការនាំចេញនូវយន្តហោះ Drone នេះគឺមានចំនួនកំណត់ ប៉ុន្តែក្រុមហ៊ុនជឿជាក់ថាការផលិតនឹងមានការកើនឡើង។ សម្រាប់អតិថិជនអន្តរជាតិក៏អាចរកទិញនូវយន្តហោះគ្មានមនុស្សបើកនេះបានដែរនៅក្នុងនិទាឃរដូវខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន GoPro មានដៃគូប្រកួតប្រជែងធំមួយទៀតដែលមានឈ្មោះថាក្រុមហ៊ុន DJI ដែលទើបតែប្រកាសបង្ហាញនូវយន្តហោះគ្មានមនុស្សបើករូបរាងតូចស្រស់ស្អាតម៉ូដែល Mavic Pro រយៈពេល 1 សប្តាហ៍ក្រោយការប្រកាសបង្ហាញនូវយន្តហោះ Karma Drone ៕