ប៉ុន្មានថ្ងៃកន្លងទៅនេះ យើងបានឃើញនូវរូបភាពជាច្រើននៃគំរូរបស់ស្មាតហ្វូនស៊េរីថ្មី LG G6 ដែលមានអេក្រង់កាន់តែធំ និងមានស៊ុមព័ទ្ធអេក្រង់កាន់តែតូច (Bezel) ។ នៅថ្ងៃនេះ Business Insider បានធ្វើការបង្ហោះនូវរូបភាពដ៏ស្រស់ស្អាតរបស់ស្មាតហ្វូន LG G6 ដែលត្រូវបានគេអះអាងថាជារូបភាពពិតប្រាកដ (ពណ៌ខ្មៅភ្លឺរលោងជាមួយនឹងនឹងជ័រប្លាស្ទិកនៅផ្នែកខាងក្រោយ) ។ រូបភាពដែលបានបែកធ្លាយនេះមានលក្ខណៈខុសប្លែកពីគំរូលើកមុន ស្មាតហ្វូន LG G6 មានពណ៌ខ្មៅភ្លឺរលោងដែលត្រូវបានគេប៉ាន់ស្មានថាវានឹងប្រើប្រាស់ពីកញ្ចក់។ ប្រព័ន្ធស្កែនក្រយ៉ៅដៃ និងកាមេរ៉ាភ្លោះស្ថិតនៅផ្នែកខាងក្រោយមើលទៅស្រដៀងទៅនឹងរូបរាងរបស់ស្មាតហ្វូន LG V20 និងស្មាតហ្វូន LG G5 ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។
របាយការណ៍នេះបានបង្ហាញថា ប្រព័ន្ធកាមេរ៉ាភ្លោះនេះមានសមត្ថភាពក្នុងការបង្កើតនូវរូបភាពព្រិលនៅផ្នែកខាងក្រោយ (Blurry Background) ដូចទៅនឹងការថតរូបភាព Portrait Mode ដែលបានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 7 Plus ។ សរុបមក ស្មាតហ្វូននេះហាក់ដូចជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែនដោយសារតែវាប្រើប្រាស់នូវកាមេរ៉ា Wide-angle Lens ដែលអាចដំណើរការបានជាមួយនឹងកាមេរ៉ា Main Camera ក្នុងការផលិតនូវរូបភាពបានយ៉ាងអស្ចារ្យ។ សម្រាប់ក្រុមហ៊ុន LG យើងនៅមិនទាន់ដឹងថាតើស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទៅលើស្មាតហ្វូន 2 ទំហំផ្សេងគ្នាឬយ៉ាងណា? ក្រុមហ៊ុន LG ក៏បានប្រកាសបង្ហាញនូវស្មាតហ្វូន LG G5 Lite និង LG G5 SE ដែលគ្រោងនឹងប្រកាសបង្ហាញក្រោយពីការប្រកាសបង្ហាញវត្តមានរបស់ LG G6 ផងដែរ។ ស្មាតហ្វូន LG G6 នឹងប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC នៅក្នុងខែនេះ សម្រាប់ការតាំងពិពរណ៍នៅថ្ងៃទី 26 ខែកុម្ភៈ ហើយស្មាតហ្វូននេះត្រូវបានពាក្យចចាមអារ៉ាមនិយាយថានឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 821 អេក្រង់ទំហំ 5.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 2880 x 1440 ភិចសែលជាមួយនឹង Aspect Ratio 18:9 ៕