មនុស្សជាច្រើនកំពុងតែសម្លឹងមើលទៅកាន់ថាមពលថ្មរបស់ស្មាតហ្វូន Galaxy S8 ដោយសារតែកាលពីឆ្នាំមុនវាមានបញ្ហាថ្មទៅលើហ្វាប់ប្លេត Galaxy Note 7។ ថ្មីៗនេះ ក្រុមហ៊ុន Samsung ក៏បានបង្ហាញពីការវិវត្តន៍ថ្មីមួយទៀតសម្រាប់ការធ្វើតេស្តសាកល្បងទៅលើថាមពលថ្មរបស់ខ្លួនសម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទ Galaxy S8 ។ យោងទៅតាមសារព័ត៌មាន Korea Economic Daily បានអះអាងថា ក្រុមហ៊ុន Samsung នឹងប្រគល់នូវភារកិច្ចនូវការផលិតថាមពលថ្មទៅកាន់ក្រុមហ៊ុន The Murata Manufacturing Company។ ក្រុមហ៊ុនរបស់ប្រទេសជប៉ុននេះ នឹងធ្វើការផលិតនូវថាមពលថ្មជំនួសក្រុមហ៊ុន Sony ដែលបានផ្គត់ផ្គង់ថាមពលថ្មសម្រាប់ក្រុមហ៊ុន Samsung កាលពីឆ្នាំមុននេះ។ របាយការណ៍ថ្មីនេះ បានអះអាងថា ក្រុមហ៊ុន Samsung នឹងត្រូវការការផ្គត់ផ្គង់ថាមពលថ្មពី 2 ទៅ 8% នៃការផ្គត់ផ្គង់ថាមពលថ្មសរុបសម្រាប់ស្មាតហ្វូន Galaxy S8 ។
ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលថ្មធំបំផុតរបស់ក្រុមហ៊ុន Samsung គឺផលិតឡើងដោយក្រុមហ៊ុន Samsung SDI ដែលជាផ្នែកមួយនៃក្រុមហ៊ុន Samsung ដែលមានតួនាទីក្នុងការផ្គត់ផ្គង់ថាមពលថ្មសម្រាប់ស្មាតហ្វូនរបស់ខ្លួន។ ចំនែកក្រុមហ៊ុនរបស់ចិន ATL (Amperex Technology Ltd) ក៏ត្រូវបានគេដាក់សម្ពាធផងដែរដោយសារតែផលិតនូវថាមពលថ្មដែលមានបញ្ហានៅអំឡុងពេលប្រមូលជាលើកទីមួយនៃហ្វាប់ប្លេត Galaxy Note 7 ។ របាយការណ៍ស្រដៀងគ្នានេះផងដែរថាក៏បានបញ្ជាក់ថា ក្រុមហ៊ុន LG ក៏ជាអ្នករួមចំនែកក្នុងការផលិតនូវថាមពលថ្មសម្រាប់ស្មាតហ្វូន Galaxy S8 ផងដែរ។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung នឹងមិនមានបញ្ហាដូចកាលពីពេលមុនទៀតនោះទេ។ សរុបមក ក្រុមហ៊ុន Samsung នឹងមិនអាចធ្វើនូវកំហុសដដែលៗសារជាថ្មីម្តងទៀតនោះទេ ហើយជាពិសេសក្រុមហ៊ុន Samsung បានសន្យាក្នុងការចំណាយទឹកប្រាក់ 128 លានដុល្លារក្នុងការពង្រឹងទៅលើសុវត្ថិភាពនៃថាមពលថ្មផងដែរ៕