ពេលនេះយើងបានដឹងថា ស្មាតហ្វូនអេក្រង់ធំរបស់ក្រុមហ៊ុន Samsung ស៊េរីថ្មីនឹងមានឈ្មោះហៅជាផ្លូវការថា “Samsung Galaxy S8+” ។ ទន្ទឹមជាមួយគ្នានេះ ផងដែរ គេហទំព័រ Samsung នៅក្នុងប្រទេសឥណ្ឌា ក៏កំពុងតែធ្វើការអាប់ឌែតទៅលើព័ត៌មាននេះ ផងដែរ។ ទំព័រទ្រទ្រង់មួយ (Support Page) បានបង្ហាញនូវឧបករណ៍មួយជាមួយនឹងលេខកូដ SM-G955FD ដែលត្រូវបានគេជឿជាក់ថា ជាស្មាតហ្វូនដែលមានស៊ីមពីរដែលប្រហែលជាដាក់លក់នៅក្នុងប្រទេសមួយនេះ។ កាលពីពេលមុននេះ យើងបានលឺពាក្យចចាមអារ៉ាមជាច្រើនដែលបានបញ្ជាក់ថា ស្មាតហ្វូន Galaxy S8/S8+ នឹងប្រើប្រាស់នូវលេខកូដរៀងគ្នា SM-G950 និង SM-G955 ។
ការប្រើប្រាស់នូវលេខកូដ FD នៅខាងចុងលេខកូដនៃម៉ូដែលស្មាតហ្វូននេះ ដើម្បីដំណាងថាស្មាតហ្វូននេះ ប្រើប្រាស់នូវស៊ីមកាតពីរ ជាពិសេសនៅក្នុងប្រទេសមួយនេះ ប្រហែលជាប្រើប្រាស់ត្រឹមតែបន្ទះឈីប Octa-Core Exynos 8895 ។ ចំនែកនៅទឹកដីសហរដ្ឋអាមេរិច ស្មាតហ្វូនស៊េរីថ្មីនេះនឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 835 ដែលបន្ទះឈីប Qualcomm ត្រូវបានប្រើប្រាស់ជាច្រើនដងមកហើយនៅលើស្មាតហ្វូនស៊េរីមុនៗនេះ។
ខណៈពេលដែលទំព័រទ្រទ្រង់របស់ស្មាតហ្វូន Galaxy S8+ នៅមិនទាន់បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះក្តី យើងក៏បានដឹងអំពីលក្ខណៈសម្បត្តិតិចតួចរបស់ស្មាតហ្វូននេះ ផងដែរ។
ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវអេក្រង់គែមកោងទំហំ 6 អ៊ីង ស៊ុមព័ទ្ធអេក្រង់កាន់តែស្តើង ការផ្លាស់ប្តូរនូវប្រព័ន្ធស្កែនក្រយ៉ៅដៃនៅជិតកាមេរ៉ាខាងក្រោយ។ ពិសេសជាងនេះទៀតនោះ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវជំនួយការឆ្លាតវៃ Bixby ដែលពឹងផ្អែកទៅលើការអភិវឌ្ឍន៍បន្តរនៃ S Voice ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Samsung ជំនាន់មុន។ ស្មាតហ្វូន Galaxy S8+ នេះ នឹងត្រូវប្រកាសបង្ហាញខ្លួននៅចុងខែមីនាជាមួយនឹងស្មាតហ្វូន Galaxy S8 ផងដែរ៕