វាហាក់ដូចជាមិនមានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ការលក់របស់ផលិតផលជាច្រើននៃក្រុមហ៊ុន HTC នៅតែបន្តរមានការលក់ធ្លាក់ចុះដែលធ្វើឱ្យក្រុមហ៊ុននេះបាត់បង់នូវប្រាក់ចំណូលរបស់ខ្លួនបន្តិចម្តងៗ ។ លទ្ធផលនៃហិរញ្ញវត្ថុចុងក្រោយបំផុតសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយនេះបានបង្ហាញពីការធ្លាក់ចុះ 13% នៃប្រាក់ចំណូលរបស់ខ្លួនបើធៀបជាមួយនឹងឆ្នាំមុន ជាពិសេសការខាតបង់ប្រចាំត្រីមាសគឺនៅតែបន្តរការធ្លាក់ចុះ។
នៅត្រីមាសទី 4 ឆ្នាំ 2016 ក្រុមហ៊ុន HTC បានបង្ហាញនូវផលិតផលបច្ចេកវិទ្យាដែលគួរឱ្យចាប់អារម្មណ៍ដូចជាស្មាតហ្វូនប្រភេទថ្នាក់ទាប និងថ្នាក់កណ្តាលរបស់ខ្លួនដើម្បីពង្រឹងនូវការលក់របស់ខ្លួនវិញ។ នៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុន HTC បានអះអាងថា ក្រុមហ៊ុនបានកាត់បន្ថយនូវការចំណាយទៅលើប្រតិបត្តិការជាច្រើនដល់ទៅ 34% ដើម្បីបង្កើននូវប្រាក់ចំណូលរបស់ខ្លួនឡើងវិញសម្រាប់ឆ្នាំ 2016 នេះ។ អ្វីដែលក្រុមហ៊ុន HTC ផ្តោតសំខាន់នៅពេលនេះគឺការពង្រឹងទៅលើផលិតផលបច្ចេកវិទ្យា VR ជាមួយនឹងវត្តមានរបស់ HTC Vive ដែលជាការអភិវឌ្ឍន៍របស់ក្រុម Vive Studios ។
នៅក្នុងសន្និសីទកាសែតមួយកាលពីខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានប្រកាសអំពីការផ្លាស់ប្តូរគោលដៅរបស់ខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីជាច្រើនត្រកូល HTC U ។ ស្មាតហ្វូន HTC U Ultra និង U Play មានការរចនារូបរាងកាន់តែស្រស់ស្អាត ក៏ប៉ុន្តែស្មាតហ្វូននេះបានទទួលនូវការរិះគន់ខ្លាំងដោយសារតែការដកចេញនូវរន្ធដោតកាស Headphone Jack ។ អ្វីដែលកាន់តែពិសេសនេះ ស្មាតហ្វូននេះបានប្រើប្រាស់នូវជំនួយការឆ្លាតវៃដែលមានឈ្មោះថា Sense Companion ដែលជាមុខងារថ្មីដ៏អស្ចារ្យនៅលើស្មាតហ្វូននេះ៕