រយៈពេល 5 ឆ្នាំជាប់ៗគ្នាក្រុមហ៊ុន Apple តែងតែឈរនៅចំណាត់ថ្នាក់កំពូល ប៉ុន្តែពេលនេះក្រុមហ៊ុនផលិតស្មាតហ្វូន Oppo បានបំបែកកំណត់ត្រាឈរនៅចំណាត់ថ្នាក់កំពូលវិញម្តងនៅពេលដែលស្មាតហ្វូន Oppo R9 បានជាប់ឈ្មោះលក់ដាច់ច្រើនជាងគេបំផុតនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅក្នុងទីក្រុង Dongguan នេះបានសម្រេចគោលដៅអស្ចារ្យនៅក្នុងឆ្នាំ 2016 ហើយពេលនេះក្រុមហ៊ុនមានគោលដៅក្នុងការសម្រេចឱ្យបានលទ្ធផលកាន់តែប្រសើរជាងមុនទៀតសម្រាប់ឆ្នាំ 2017 ។
កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបានបង្កើនការនាំចេញរបស់ខ្លួនបានដល់ទៅ 132.9% គឺមានចំនួនដល់ទៅ99.4 លានគ្រឿងដែលស្មើរនឹងចំណែកទីផ្សារពិភពលោក 7.3% ។ យោងទៅតាមប្រភពព័ត៌មានជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន Oppo មានគោលដៅក្នុងការនាំចេញស្មាតហ្វូន 160 លានគ្រឿងនៅក្នុងឆ្នាំ 2017 នេះ ឬកំណើន 60% បើធៀបជាមួយនឹងឆ្នាំមុននេះ។ ប្រភពផ្សេងទៀតបញ្ជាក់ថា កំណើនទាបបំផុតរបស់ក្រុមហ៊ុន Oppo ក៏ 20% ដែរដែលស្មើរនឹង 120 លានគ្រឿង។
ក្នុងការឆ្លើយតបទៅនឹងកំណើននៃតម្រូវការនេះ ក្រុមហ៊ុន Oppo បានពង្រីកនូវផលិតកម្មរោងចក្ររបស់ខ្លួននៅប្រទេសចិនពី 3 ទៅ 5 រោងចក្រ និងបន្ថែមការផលិតទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ប្រភពជាច្រើនក៏បានបន្ថែមទៀតថា រោងចក្រនៅក្នុងប្រទេសឥណ្ឌាក៏ចាប់ផ្តើមនូវផលិតកម្មស្មាតហ្វូននេះផងដែរ៕