នៅថ្ងៃនេះ ក្រុមហ៊ុន Archos និងក្រុមហ៊ុន Kodak បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងនៃការផ្តល់អាជ្ញាប័ណ្ណទៅលើម៉ាកយីហោ ដែលការចុះហត្ថលេខានេះធ្វើឡើងដោយលោក Loic Poirier ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Archos និងលោក Brian Cruz ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Kodak ។
លោក Loic Poirier បាននិយាយថា “យើងពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការក្លាយខ្លួនជាផ្នែកមួយដែលបានទទួលអាជ្ញាប័ណ្ណពីក្រុមហ៊ុន Kodak សម្រាប់ធ្វើការអភិវឌ្ឍទៅលើថេប្លេតរបស់យើង។ យើងនឹងផលិតនូវថេប្លេតជាច្រើនសម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់ជាច្រើននាក់។” ចំនែកលោក Brian Cruz ក៏បានឆ្លើយតបថា “យើងពិតជាមានការរំភើបណាស់ដែលបានក្រុមហ៊ុន Archos ក្លាយខ្លួនជាផ្នែកមួយនៃអាជ្ញាប័ណ្ណរបស់យើង។ ក្រុមហ៊ុន Archos មានកំណត់ត្រាខ្លាំងនៅក្នុងវិស័យផលិតកុំព្យូទ័រ និងថេប្លេត។ ក្រុមហ៊ុនម៉ាកល្បីនៅប្រទេសបារាំងមួយនេះបានធ្វើការប្រកាសបង្ហាញនូវថេប្លេត Google Android នៅក្នុងឆ្នាំ 2009 ហើយវាបានទទួលនូវភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងទីផ្សារថេប្លេតនៅអ៊ឺរ៉ុប។”
ពេលនេះ ក្រុមហ៊ុន Archos នឹងធ្វើការផលិតនូវថេប្លេតដែលប្រើប្រាស់នូវស្លាកយីហោនេះនៅលើផលិតផលថ្មីៗរបស់ខ្លួន។ ក្រុមហ៊ុន Archos មិនដែលមានកេរិ៍្តឈ្មោះអាក្រក់ណាមួយនោះទេ ហេតុដូចនេះការសហការជាមួយនឹងក្រុមហ៊ុន Kodak រឹតតែធ្វើឱ្យថេប្លេតនេះកាន់តែល្បីល្បាញខ្លាំងជាងមុនថែមទៀត។
នៅក្នុងសេចក្តីប្រកាសមួយបានបញ្ជាក់ថា ថេប្លេតស៊េរីថ្មីជាច្រើនរបស់ក្រុមហ៊ុន Archos ដែលប្រើប្រាស់នូវស្លាកយីហោម៉ាក Kodak នឹងបង្ហាញខ្លួននៅក្នុងពេលណានៅឆ្នាំ 2017 នេះហើយវានឹងផ្តល់នូវកម្មវិធីអស្ចារ្យជាច្រើន ពិសេសគឺកម្មវិធីសម្រាប់ធ្វើការថតរូប និងថតវីដេអូ។ ថេប្លេតនេះនឹងប្រើប្រាស់នូវកាមេរ៉ាទំហំដល់ទៅ 8 មេហ្គាភិចសែលសម្រាប់ផ្តិតរូបភាពបានស្រស់ស្អាតបំផុត។ ថេប្លេតនេះពិតជាអស្ចារ្យ និងជាជម្រើសមួយដែលលោកអ្នកគួរតែជ្រើសរើសយកទៅប្រើប្រាស់៕