ការប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន Huawei P10 នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC កាន់តែខិតជិតមកដល់ហើយ ប៉ុន្តែរូបភាពនៃការបែកធ្លាយក៏បន្តរចេញមកជាហូរហែរផងដែរ។ បន្ទាប់ពីលោកអ្នកបានមើលឃើញនូវរូបភាពស្មាតហ្វូននេះជាមួយនឹងពណ៌ខៀវ ពណ៌មាស និងពណ៌បៃតងរួចមក ឥឡូវនេះលោកអ្នកពិតជាអាចមើលឃើញនូវរូបភាពជាច្រើនសន្លឹករបស់ស្មាតហ្វូន P10 តាមរយៈការទម្លាយរបស់ FCC ។
តាមរយៈរូបភាពដែលត្រូវបានបែកធ្លាយនេះ ស្មាតហ្វូន Huawei P10 មានលក្ខណៈស្រដៀងគ្នាជាមួយនឹងស្មាតហ្វូន Huawei P9 គ្រាន់តែប្រព័ន្ធស្កែនក្រយ៉ៅដៃរបស់ស្មាតហ្វូននេះដាក់នៅផ្នែកខាងមុខវិញ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះធ្វើពីលោហធាតុ ហើយវានៅតែរក្សានូវប្រព័ន្ធកាមេរ៉ាភ្លោះដដែលដែលជាបច្ចេកវិទ្យារបស់ក្រុមហ៊ុន Leica ។ ប៊ូតុងតម្លើងសំឡេង និងប៊ូតុង Power គឺស្ថិតនៅផ្នែកខាងស្តាំ ហើយនៅផ្នែកខាងឆ្វេងជាកន្លែងសម្រាប់ដាក់ស៊ីម SIM ឬ microSD កាត។ សម្រាប់ផ្នែកខាងក្នុងរបស់ស្មាតហ្វូននេះវិញ វាប្រើប្រាស់នូវស៊ីមកាតពីរ ហើយលោកអ្នកអាចធ្វើការបន្ថែមនូវម៉េមូរីបានផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវ Motherboard ដែលវាពិបាកមើលបន្តិច ប៉ុន្តែយើងអាចដឹងបានថាស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 960 របស់ក្រុមហ៊ុន Huawei ។
ស្មាតហ្វូន Huawei P10 នេះ នៅតែប្រើប្រាស់នូវរន្ធដោតកាស 3.5 mm Jack ដែលនៅជាប់ជាមួយនឹងរន្ធ USB Type-C និង Speaker ។ ស្មាតហ្វូន Huawei P10 នឹងប្រកាសជាផ្លូវការនៅថ្ងៃទី 27 ខែកុម្ភៈខាងមុខនេះនៅក្នុងព្រឹត្តិការណ៍ MWC នៅក្នុងទីក្រុងបាសេឡូណា។ ស្មាតហ្វូននេះនឹងមានជម្រើសរ៉េម និងម៉េមូរីផ្សេងគ្នាអាស្រ័យទៅលើតម្លៃដែលអតិថិជនចង់បាន៕