បន្ទាប់ពីមានបញ្ហាថ្មបានកើតឡើងនៅលើហ្វាប់ប្លេត Galaxy Note 7 ដែលធ្វើឱ្យក្រុមហ៊ុន Samsung ខាតបង់ទឹកប្រាក់យ៉ាងច្រើនមក ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េនេះ បានជ្រើសរើសនូវក្រុមហ៊ុនផ្គត់ផ្គង់ថាមពលថ្មល្បីៗវិញ ដើម្បីធានាថា មិនមានបញ្ហាផ្ទុះថ្មកើតឡើងទៀតនោះទេ។ ការផ្គត់ផ្គត់នូវថាមពលថ្មសម្រាប់ហ្វាប់ប្លេត Galaxy Note 7 លើកមុននេះ គឺផលិតឡើងដោយក្រុមហ៊ុនកុលបុត្រសម្ព័ន្ធ SDI ដែលបានប្រើប្រាស់នូវបន្ទះ អេឡិចត្រូដែលមិនគោរពតាមក្បួននៃការប្រើប្រាស់ថាមពលថ្ម។ ចំនែកក្រុមហ៊ុនផ្គត់ផ្គង់ថាមពលថ្មមួយទៀតក៏ផលិតនូវថ្ម ដែលគ្មានគុណភាពដែលធ្វើឱ្យក្រុមហ៊ុនត្រូវធ្វើការប្រកាសប្រមូលមកវិញទាំងអស់ផងដែរដែលមានរយៈពេលមិនទាន់បាន 2 សប្តាហ៍ស្រួលបួលផងនោះ។
យើងទាំងអស់គ្នាសុទ្ធតែបានដឹងអំពីរឿងនេះ ប៉ុន្តែពេលនេះ ការផលិតនូវថាមពលថ្មថ្មី ត្រូវបានក្រុមហ៊ុន Samsung ធ្វើការតេស្តសាកល្បងជាច្រើនលើកច្រើនសារដើម្បីធានានូវគុណភាពថ្មដែលក្នុងនោះក៏មានការធ្វើតេស្តនូវកាំរស្មី x-ray ផងដែរ។ អ្វីដែលកាន់តែពិសេសនោះគឺថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ពេលនេះ បានជ្រើសរើសយកក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសជប៉ុន Sony ដើម្បីផ្គត់ផ្គង់នូវថាមពលថ្មរបស់ខ្លួននេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Wall Street Journal ។ ក្រុមហ៊ុន Sony បានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលថ្មទី 3 ហើយសម្រាប់ក្រុមហ៊ុន Samsung ។ កាលពីពេលមុននេះ ពាក្យចចាមអារ៉ាមបានលើកឡើងថា ក្រុមហ៊ុន Murata ដែលទើបតែទិញយកក្រុមហ៊ុនផលិតនូវថាមពលថ្មរបស់ក្រុមហ៊ុន Sony នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់របស់ក្រុមហ៊ុន Samsung ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sony បានលក់នូវអាជីវកម្មផលិតនូវថាមពលថ្មរបស់ខ្លួនទៅកាន់ក្រុមហ៊ុន Murata មិនទាន់បានយូរប៉ុន្មាននោះទេ ប៉ុន្តែកិច្ចព្រមព្រៀងនេះ គឺប្រហែលជាចាប់ពីខែកក្កដាតទៅ ដូចនេះ អាជីវកម្មផលិតនូវថាមពលថ្មនេះ នៅតែអាចផ្គត់ផ្គង់ថាមពលថ្មសម្រាប់ក្រុមហ៊ុន Sony បានដដែល។ ក្រុមហ៊ុន Samsung ហាក់ដូចជាជឿជាក់ខ្លាំងទៅលើថាមពលថ្មប្រភេទ Li-ion ដែលវេចខ្ចប់ដោយក្រុមហ៊ុនរបស់ប្រទេសជប៉ុន ដែលមានគុណភាពខ្ពស់។ Sony គឺជាក្រុមហ៊ុនដំបូងបំផុតដែលបង្កើតនូវថាមពលថ្មប្រភេទ Li-ion មុនគេ ហើយការសម្រេចចិត្តរបស់ក្រុមហ៊ុន Samsung ក្នុងការជ្រើសរើសយកក្រុមហ៊ុន Sony នេះប្រហែលជាមានតម្រូវការក្នុងការផលិតនូវស្មាតហ្វូនស៊េរីថ្មីនៅក្នុងចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ជាក់ជាមិនខាន៕