ស្មាតហ្វូន iPhone 8 និង Samsung Galaxy S8 ត្រូវបានគេរំពឹងថា នឹងមានទំហំអេក្រង់កាន់តែធំជាងស្មាតហ្វូនជំនាន់មុនៗ ហើយថែមទាំងពង្រឹងទៅលើផ្នែក Software និង Hardware ផងដែរ។ វាមានពាក្យចចាមអារ៉ាមជាច្រើនដែល បាននិយាយអំពីមុខងារថ្មីៗ និងលក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូនទាំងអស់នេះ ជាពិសេសអ្នកប្រើប្រាស់ជាច្រើន ក៏បានគិតអំពីតម្លៃរបស់ស្មាតហ្វូននេះផងដែរ។ បើយើងធ្វើពិនិត្យទៅលើលក្ខណៈសម្បត្តិ និងបច្ចេកវិទ្យាថ្មីៗនៅលើស្មាតហ្វូនទាំងនេះ យើងអាចដឹងបានថា តម្លៃរបស់វាគឺប្រហែលជាជាង 1 ពាន់ដុល្លារអាមេរិច។ ព័ត៌មានទាក់ទងជាមួយនឹងតម្លៃរបស់ស្មាតហ្វូន iPhone 8 ត្រូវបានគេទម្លាយឱ្យដឹងនៅថ្ងៃទី 8 ខែកុម្ភៈផងដែរ។ នៅក្នុងបញ្ជីមួយរបស់អ្នកលេងបណ្តាញសង្គមនៅអ៊ុយក្រែន បានបញ្ជាក់ឱ្យដឹងថា ស្មាតហ្វូន Samsung Galaxy S8 នឹងមានតម្លៃប្រហែលជា 963 ដុល្លារអាមេរិច ខណៈពេលដែលស្មាតហ្វូន Samsung Galaxy S8 Plus មានតម្លៃប្រហែលជា 1074 ដុល្លារអាមេរិច។ ក្រោយមកទៀត សារដែលត្រូវបានបង្ហោះនេះត្រូវបានលុបចេញពីបណ្តាញសង្គម។
នៅក្នុងបញ្ជីដែលត្រូវបានទម្លាយនេះ ក៏បានបង្ហាញជាមួយនឹងពាក្យថា “M64” ដែលអាចជាបន្ទះម៉េមូរីនៅក្នុងស្មាតហ្វូនណាមួយក្នុងចំណោមទាំងនេះដែលមានន័យថា ស្មាតហ្វូនមួយនេះនឹងប្រើប្រាស់នូវបន្ទះឈីប 64GB ហើយវាក៏រឿងមួយដែលធ្វើឱ្យតម្លៃរបស់ស្មាតហ្វូននេះកើនឡើងផងដែរ។ ចំនែកស្មាតហ្វូន Galaxy S8 ត្រូវបានគេដឹងថាប្រហែលជាប្រើប្រាស់នូវម៉េមូរីត្រឹមតែ 32GB តែប៉ុណ្ណោះ។ តម្លៃចាប់ផ្តើមរបស់ស្មាតហ្វូន Samsung Galaxy S8 ត្រូវបានគេដឹងថាយ៉ាងហោចណាស់ក៏មានតម្លៃជិត 1000 ដុល្លារអាមេរិចផងដែរ។
នៅក្នុងបញ្ជីនេះ វាក៏បានបង្ហាញទៀតថាស្មាតហ្វូនទាំងនេះនឹងមានពណ៌មាស និងពណ៌ខ្មៅ ហើយវាក៏អាចមានពណ៌ប្រផេះ (Orchid Gray) ផងដែរ។ តើអ្វីដែលធ្វើឱ្យស្មាតហ្វូន Samsung Galaxy S8 និង Apple iPhone 8 មានតម្លៃថ្លៃបែបនេះ? ហេតុផលនោះគឺថា ស្មាតហ្វូនទាំងពីរនេះពិតជាធ្វើការកែប្រែនូវលក្ខណៈពិសេសជាច្រើនជាច្រើនបើធ្វើការប្រៀបធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុនៗ។ ការពង្រឹងទៅលើផ្នែក Hardware នោះគឺស្មាតហ្វូនទាំងនេះនឹងប្រើប្រាស់នូវអេក្រង់ Edge-to-Edge Display ហើយក្រុមហ៊ុនទាំងពីរនេះប្រហែលជាលុបចេញនូវការប្រើប្រាស់ប៊ូតុង Home ផងដែរ។ បន្ទះអេក្រង់របស់ស្មាតហ្វូនទាំងពីរនេះត្រូវបានគេដឹងថានឹងមានអេក្រង់កាន់តែមានទំហំធំជាងមុន ហើយស្មាតហ្វូនទាំងនេះនឹងប្រើប្រាស់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃ ប្រព័ន្ធបំពងសំឡេងនៅផ្នែកខាងមុខ និងកាមេរ៉ាខាងមុខដែលស្ថិតនៅក្រោមកញ្ចក់អេក្រង់ថែមទៀតផង។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្រុមហ៊ុន Samsung ប្រហែលជារោងចក្រផលិតនូវបន្ទះអេក្រង់ Edge-to-Edge OLEDs សម្រាប់ស្មាតហ្វូនទាំងនេះផងដែរ។
ស្មាតហ្វូនទាំងនេះ ត្រូវបានគេរំពឹងថា នឹងភ្ជាប់ជាមួយនឹងជំនួយការឆ្លាតវៃជាសំឡេង Voice Assistant ដែលស្មាតហ្វូន iPhone 8 នឹងភ្ជាប់ជាមួយនឹងកម្មវិធី Siri ថ្មី ចំនែកស្មាតហ្វូន Samsung Galaxy S8 នឹងភ្ជាប់ជាមួយនឹងជំនួយការឆ្លាតវៃ Bixby Voice Assistant ដែលប្រើប្រាស់ជំនួស S-Voice ។ ដើម្បីអាចទ្រទ្រង់នូវមុខងារជាច្រើននេះបាន ស្មាតហ្វូនទាំងនេះត្រូវប្រើប្រាស់នូវបន្ទះឈីបដែលមានសមត្ថភាពខ្លាំងផងដែរ។ ក្រុមហ៊ុនApple និងក្រុមហ៊ុន Samsung ប្រហែលជាប្រើប្រាស់នូវបន្ទះឈីប 10nm Processors ជាជាងការប្រើប្រាស់នូវបន្ទះឈីប 14nm Processors សម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ពួកគេ។ ការប្រើប្រាស់នូវបន្ទះឈីបថ្មីនេះ នឹងធ្វើឱ្យប្រព័ន្ធដំណើរការកាន់តែល្អជាងមុន និងមានការពង្រឹងទៅលើថាមពលថ្មថែមទៀតផង។ ស្មាតហ្វូន Samsung Galaxy S8 ត្រូវបានគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅសប្តាហ៍ទី 4 ក្នុងខែមីនា ឬនៅក្នុងសប្តាហ៍ទី 1 នៃខែមេសា ចំនែកទូរស័ព្ទ iPhone វិញត្រូវបានគេដឹងថានឹងធ្វើការប្រកាសនៅចុងឆ្នាំនេះប្រហែលជានៅក្នុងខែកញ្ញា ឬនៅខែតុលា៕