ថ្ងៃនេះ ក្រុមហ៊ុន Bosch Group បានបង្ហាញនូវលទ្ធផលជាបឋមនៃការលក់ផលិតផលនៅទូទាំងពិភពលោក ដោយសម្រេចបាននូវកំណើនការលក់របស់ខ្លួននៅក្នុងឆ្នាំ 2016 កើនឡើងបានចំនួន 3.5 ភាគរយនៅក្នុងឆ្នាំមុន ដែលមានទឹកប្រាក់ប្រមាណ 73.1 ពាន់លានអឺរ៉ូ។ បន្ទាប់ពីទូទាត់បម្រែបម្រួលពីអត្រាប្តូរប្រាក់ កំណើនការលក់មានចំនួន 5.4 ភាគរយ ហើយទំហំទឹកប្រាក់នៃការលក់ ដោយបម្រែបម្រួលអត្រាប្តូរប្រាក់នេះ មានប្រមាណ 1.3 ពាន់លានអឺរ៉ូ។ លោកបណ្ឌិត Volkmar Denner ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Robert Bosch GmbH បានមានប្រសាសន៍ថា៖ “យើងនៅតែសម្រេចបានកំណើន ដូចការព្យាករណ៍សម្រាប់ឆ្នាំ 2016 បើទោះ បីជាមានលក្ខខណ្ឌ មិនអំណោយផលជាច្រើនយ៉ាងណាក្តី។
Bosch កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរជាមូលដ្ឋានដែលពុំធ្លាប់មាន ហើយ Bosch ក៏កំពុងមមាញឹកធ្វើឲ្យមានការផ្លាស់ប្តូរទាំងវិស័យឧស្សាហកម្ម ទីផ្សារ និងបច្ចេកវិទ្យា”។ នៅពេលដែលនិយាយដល់បច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងលើបច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយៈប្រព័ន្ធអ៊ិនធឺណិត (IoT) ហើយនឹងអន្តរកាលឈានទៅរកយានជំនិះដែលប្រើប្រាស់អេឡិចត្រូនិចនោះ Bosch ធ្វើការវិនិយោគទុកជាមុននូវទឹកប្រាក់រាប់ពាន់លានអឺរ៉ូ។ ក្រុមហ៊ុនបញ្ជាក់ថា នៅក្នុងឆ្នាំ 2016 ក្រុមហ៊ុន បានបង្កើនការចំណាយលើផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍រហូតដល់ប្រមាណ 6.6 ពាន់លានអឺរ៉ូ។
ដូចអ្វីដែលលោកបណ្ឌិត Stefan Asenkerschbaumer ដែលជានាយកប្រតិបត្តិហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Robert Bosch GmbH បានពន្យល់ថា៖ “លទ្ធផលដែលយើងសម្រេចបានថ្ងៃនេះ នឹងជួយទ្រទ្រង់ផ្នែកហិរញ្ញប្បទាន ដើម្បីភាពជោគជ័យនៅពេលអនាគត”។ ប្រាក់ចំណេញពីប្រតិបត្តិការ (មុនបង់ពន្ធ និងការប្រាក់) មានចំនួនប្រមាណ 4.3 ពាន់លានអឺរ៉ូ នៅក្នុងឆ្នាំ 2016 ក្នុងនាមជាក្រុមហ៊ុន ដែលផ្គត់ផ្គង់ផ្នែកបច្ចេកវិទ្យា និងសេវាកម្ម ហើយ Bosch ចង់ក្លាយជាក្រុមហ៊ុនមួយ ដែលនាំមុខគេផ្នែកផ្គត់ផ្គង់បច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយៈប្រព័ន្ធអ៊ិនធឺណិត (IoT)។ Bosch មើលឃើញពីសក្តានុពលនៃកំណើនដ៏សម្បើមនៅក្នុងអាជីវកម្មផ្នែកបច្ចេកវិទ្យាជំនួយការឌីជីថលឆ្លាតវៃ។
នាយកប្រតិបត្តិរបស់ Bosch បានមានប្រសាសន៍ថា៖ “បច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយៈអ៊ិនធឺណិត (IoT) កាន់តែមានលក្ខណៈផ្ទាល់ខ្លួន។ ជាមួយនឹងជំនួយផ្នែកបច្ចេកវិទ្យាប្រើសិនស័រសម្រាប់ឲ្យវត្ថុមានវិញាញ (AI) យើងកំពុងប្រែក្លាយបច្ចេកវិទ្យាភ្ជាប់ទំនាក់ទំនងឲ្យមានលក្ខណៈកាន់តែផ្ទាល់ខ្លួន” ។ ដោយសារហេតុផលនេះហើយ ទើប Bosch ធ្វើការវិនិយោគទឹកប្រាក់ចំនួនរហូតដល់ប្រមាណ 300 លានអឺរ៉ូ លើមជ្ឍមណ្ឌលថ្មីមួយសម្រាប់បច្ចេកវិទ្យា AI ដែលបំពេញបន្ថែមលើជំនាញ IoT របស់ខ្លួន។