ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូន Oppo បានផ្ញើរនូវលិខិតអញ្ជើញមួយនៃការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនដែលនឹងដាក់បង្ហាញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress នៅក្នុងទីក្រុងបាសេឡូណានៅថ្ងៃទី 27 ខែកុម្ភៈខាងមុខនេះហើយ។ នៅក្នុងលិខិតអញ្ជើញនេះមិនបានផ្តល់នូវព័ត៌មានលម្អិតច្រើននោះទេគ្រាន់តែយើងអាចប៉ាន់ស្មានបានថា ស្មាតហ្វូនស៊េរីថ្មីនេះនឹងផ្តោតទៅលើបច្ចេកវិទ្យាកាមេរ៉ាដែលអាចថតរូបពង្រីកបានច្បាស់ចម្ងាយឆ្ងាយដល់ទៅ 5 ដង។ នៅក្នុងផ្នែកខាងលើនៃលិខិតអញ្ជើញនេះមានដាក់ជាមួយនឹងចំណងជើងថា “Go 5X Further” ។ តាមរយៈពាក្យពេជន៍នេះ យើងជឿជាក់ថាស្មាតហ្វូនស៊េរីថ្មីនេះពិតជាអាចថតរូបបានកាន់តែឆ្ងាយជាមួយនឹងកែវពង្រីក 5x Optical Zoom ជាក់ជាមិនខាន។
ពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ លោក Sky Li ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Oppo និងជាអគ្គនាយកនៃក្រុមហ៊ុន Oppo នៅក្នុងប្រទេសឥណ្ឌាបានបញ្ជាក់ថា “លទ្ធផលដែលគួរឱ្យកត់សម្គាល់នេះគឺជាការខិតខំប្រឹងប្រែងទៅលើការអភិវឌ្ឍនៃបច្ចេកវិទ្យា R&D ដើម្បីពង្រឹងទៅលើការថតរូបសម្រាប់បំពាក់នៅលើស្មាតហ្វូន Oppo ។ យើងបានជ្រើសយកព្រឹត្តិការណ៍ MWC ដើម្បីធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូនរបស់យើងដែលមានសមត្ថភាពក្នុងការថតរូបភាពជាមួយនឹងកែវពង្រីកបានឆ្ងាយជាងមុនដល់ទៅ 5 ដង ដែលផ្តល់នូវបទពិសោធន៍អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា ពេលនេះក្រុមហ៊ុន Oppo បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតលំដាប់ទី 4 នៅក្នុងពិភពលោក និងមានទីផ្សារធំបំផុតលំដាប់ទី 2 នៅក្នុងប្រទេសឥណ្ឌា៕