ពេលនេះយើងបានដឹងពីថ្ងៃ និងពេលវេលាដែលក្រុមហ៊ុន BlackBerry ធ្វើការបង្ហាញចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែល Mercury ហើយ។ យោងទៅលើរូបភាព teaser ដែលបានបង្ហាញចេញដោយក្រុមហ៊ុន BlackBerry ផ្ទាល់បានឲ្យដឹងថានៅថ្ងៃទី 25 កុម្ភះ 2017 វេលាម៉ោង 19:00 ម៉ោងនៅទីក្រុងបាសេឡូណាក្រុមហ៊ុន BlackBerry នឹងប្រកាសបង្ហាញចេញនូវទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន ប៉ុន្តែក្នុងរូបភាព teaser នេះក្រុមហ៊ុនមិនបានបង្ហាញឈ្មោះនៃទូរស័ព្ទស្មាតហ្វូនដែលត្រូវនាំមកបង្ហាញនោះទេ។
តែទោះជាយ៉ាងណាក៏គេអាចទស្សន៍ទាយបានជាមុនថាស្មាតហ្វូនម៉ូដែលថ្មីមួយនោះគឺជា BlackBerry Mercury ដោយសារតែមានព័ត៌មានចចាមអារ៉ាមជាច្រើនកន្លងមកតែងតែនិយាយអំពីស្មាតហ្វូន BlackBerry មួយនេះ។ Mercury គ្រាន់តែជាឈ្មោះនៃកូដសម្រាប់សំគាល់ម៉ូដែលប៉ុណ្ណោះសម្រាប់ឈ្មោះពិតប្រាកដរបស់ស្មាតហ្វូនម៉ូដែលថ្មីនេះនឹងប្រាប់ឲ្យដឹងនៅពេលវាបង្ហាញខ្លួនជាផ្លូវការណ៍។ ចំពោះព័ត៌មានដែលបានបែកធ្លាយរៀងមកបានឲ្យដឹងថា ស្មាតហ្វូនម៉ូដែលថ្មីដែលមានកូដ Mercury នេះត្រូវបានរចនាឡើងដោយផ្ទាល់ពីក្រុមហ៊ុន BlackBerry។
ស្មាតហ្វូនមួយនេះនឹងប្រើប្រាស់ជាមួយកញ្ចក់អេក្រង់ទំហំ 4.5 អ៊ីញកម្រិត aspect ratio 4:3, ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 625-Octa-core, ភ្ជាប់ដោយក្រាហ្វិក Adreno506, មានរ៉េមទំហំ 3GB, មានថ្មកំលាំង 3,400mAh និងប្រើប្រាស់រន្ធដោត USB-C ទៀងផង។ ពាក្យចចាមអារ៉ាមផ្សេងទៀតបានលើកឡើងថា BlackBerry Mercury នឹងភ្ជាប់មកជាមួយកាមេរ៉ាថតរូបខាងក្រោយទំហំ 18MP, ខាងមុខទំហំ 8.0MP ដោយប្រើប្រាស់នៅបច្ចេកវិទ្យាចាប់រូបភាពដូចគ្នាទៅនឹងស្មាតហ្វូន Google Pixel និងPixel XL ដែរ ហើយជាពិសេសស្មាតហ្វូនមួយនេះនឹងបំពាក់នូវក្តារចុចប្រភេទ “Physical QWERTY” បង្កប់នៅខាងក្រោមកញ្ចក់ និងមានបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃ “Fingerprint Sensor” ស្ថិតនៅលើឃីចុចដកឃ្លា (Space Bar)តែម្តង។ ទាំងអស់នេះគ្រាន់តែជាព័ត៌មានដែលបានបែកធ្លាយនាពេលកន្លងមកតែប៉ុណ្ណោះ ចំពោះព័ត៌មានលម្អិតទាក់ទងនឹងស្មាតហ្វូនមួយនេះយើងនឹងជ្រាបព័ត៌មានច្បាស់ការណ៍នៅថ្ងៃទី 25 កុម្ភះនេះហើយ៕