នៅថ្ងៃនេះ គណនី Evan Blass បានបង្ហោះនូវរូបភាពដែលបង្ហាញអំពីម៉ាកយីហោផ្លូវការមួយជាមួយនឹងឡូហ្គោ ទំហំអក្សរ និងពណ៌ដែលគណនីនេះ អះអាងថា ជាទូរស័ព្ទ Samsung Galaxy S8+ ។ នៅក្នុងរូបភាពនេះបានបញ្ជាក់ថា “Plus” ដែលជាឈ្មោះសម្រាប់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទ Samsung Galaxy S8 អេក្រង់ធំនឹងប្រើប្រាស់នូវសញ្ញា “ + ” វិញជាជាងការប្រើប្រាស់នូវពាក្យថា “Plus” ដែលធ្លាប់បានប្រើប្រាស់រួចមកហើយសម្រាប់ទូរស័ព្ទ iPhone ។
ហេតុអ្វីបានជា Samsung មិនប្រើប្រាស់ពាក្យថា “Plus”? នេះគឺដោយសារតែទូរស័ព្ទ Galaxy S6 Edge + ត្រូវបានដាក់ឈ្មោះជាមួយនឹងសញ្ញា “ + ” ។ ការហៅឈ្មោះថា “Galaxy S8 Edge + ” ក៏មិនមានបញ្ហាអ្វីនោះទេ ហើយអ្វីដែលអ្នកគាំទ្ររំពឹងទុកគឺស្មាតហ្វូនទាំងពីរស៊េរីម៉ូដែល Galaxy S8 នឹងមានអេក្រង់គែមកោង។
វាហាក់ដូចជាក្រុមហ៊ុន Samsung នឹងលែងប្រើប្រាស់នូវបន្ទះអេក្រង់រាបស្មើរតទៅទៀតហើយសម្រាប់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននោះ។ ស្មាតហ្វូន Galaxy S8 នឹងក្លាយជាស្មាតហ្វូនជំនាន់ទី 2 ហើយដែលប្រើប្រាស់នូវបន្ទះអេក្រង់គែមកោងនោះ (ជំនាន់ទីមួយនៃអេក្រង់គែមកោងគឺ Galaxy Note 7)។ ព័ត៌មានចុងក្រោយបំផុតបានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះអេក្រង់ 5.7 អ៊ីងសម្រាប់ម៉ូដែល Galaxy S8 ខណៈពេលដែលស្មាតហ្វូន Samsung Galaxy S8+ នឹងមានអេក្រង់គែមធំទំហំ 6 អ៊ីងដែលស្មាតហ្វូនទាំងពីរសុទ្ធតែមានអេក្រង់គែមកោង និងស៊ុមព័ទ្ធកញ្ចក់អេក្រង់កាន់តែមានទំហំតូចបំផុត៕