វាពិតជាថ្ងៃមួយដ៏អស្ចារ្យមែនទែននៅថ្ងៃអង្គារនេះដែលក្រុមការងាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ចាប់ផ្តើមគ្រវីទង់ជ័យសទៅលើថេប្លេតរបស់ខ្លួនដោយទម្លាក់តម្លៃផលិតផលបច្ចេកវិទ្យា នេះរហូតដល់ទៅ 40% ។ ផលិតផលថេប្លេត iPad Air 2 ធ្លាប់ចាប់ផ្តើមពីតម្លៃ 499 ដុល្លារ ហើយឥឡូវនេះថេប្លេតម៉ូដែលថ្មី iPad 9.7 អ៊ីងនឹងដាក់លក់នៅក្នុងតម្លៃត្រឹមតែ 330 ដុល្លារប៉ុណ្ណោះ។
ថេប្លេត iPad ស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នេះភ្ជាប់ជាមួយអេក្រង់ Retina Display ជាមួយនឹងបន្ទះឈីប A9 មានតម្លៃ 329 ដុល្លារ (សម្រាប់ម៉ូដែល Wi-Fi ទំហំ 32GB) ចំនែកម៉ូដែល Wi-Fi + Cellular ទំហំ 32GB មានតម្លៃ 459 ដុល្លារ។ ប្រសិនបើលោកអ្នកជ្រើសរើសម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ប្រភេទ Wi-Fi មានតម្លៃ 429 ដុល្លារ ចំនែកម៉ូដែល Wi-Fi + Cellular ទំហំ 128GB មានតម្លៃ 559 ដុល្លារ។ ថេប្លេតជាច្រើនស៊េរីរបស់ក្រុមហ៊ុន Apple បន្តធ្លាក់ថ្លៃរហូតចាប់តាំងពីការប្រកាសបង្ហាញវត្តមានរបស់ iPad Air 2 ដូចនេះហើយក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រហែលជាកំពុងតែប្រឹងប្រែងស្តារទៅលើថេប្លេត iPad ស៊េរីថ្មីនេះដែលអាចបង្កើនតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នាពេលសព្វថ្ងៃនេះ។
ថេប្លេត iPad ស៊េរីថ្មីនេះមាន 3 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ទឹកប្រាក់ ពណ៌មាស និងពណ៌ប្រផេះ ហើយការកម្មង់ទិញមុនចាប់ផ្តើមនៅលើគេហទំព័រ Apple.com និងហាងទំនិញ Apple Stores ចាប់ពីថ្ងៃទី 24 ខែមីនាខាងមុខនេះតទៅ។ ការដឹកជញ្ជូននឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះសម្រាប់ហាងទំនិញ Apple Stores ជាច្រើនកន្លែងទៅកាន់ក្រុមហ៊ុនចែកចាយ និងអ្នកតំណាងចែកចាយ Apple Authorized Reseller នៅក្នុងសហរដ្ឋអាមេរិច កាណាដា ចិន បារាំង អាឡឺម៉ង់ ហុងកុង អ៊ីតាលី ជប៉ុន ហូឡង់ អេស្ប៉ាញ ស៊ុយអែត ស្វីស និងចក្រភពអង់គ្លេស។ នៅក្នុងខែមេសា ថេប្លេត iPad ស៊េរីថ្មីនេះនឹងបន្តលក់នៅប្រទេសដាណឺម៉ាក ឥណ្ឌា ម៉ិកសិកកូ ន័រវេស រុស្សី ទួរគី និងបណ្តាប្រទេសជាច្រើនទៀត ខណៈពេលដែលប្រទេសប្រេស៊ីល តៃវ៉ាន់ និងប្រទេសមួយចំនួនទៀតអាចរកទិញបានថេប្លេតស៊េរីថ្មីនេះនៅក្នុងខែឧសភា។ ការកម្មង់ទិញមុននឹងចាប់ផ្តើមនៅវេលាម៉ោង 8:01 a.m. PDT នៅថ្ងៃទី 24 ខែមីនាខាងមុខនេះហើយ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ?
ប្រភព៖ http:/www.phonearena.com/news/Spell-cheap-new-Apple-iPad-9.7-price-release-date-and-country-availability_id92246