ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8 Plus សម្ភោធន៍ជាផ្លូវការនៅថ្ងៃនេះ ប៉ុន្តែលក្ខណៈសម្បត្តិពិសេសៗរបស់វានៅមិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ។ ព័ត៌មានចុងក្រោយដែលយើងអាចដឹងនៅពេលនេះគឺតម្លៃរបស់វា តែប៉ុណ្ណោះ ហើយយើងបានលឺអំពីតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីទាំងពីរម៉ូដែលនេះ មកពីប្រភពជាច្រើនផងដែរ។ តម្លៃរបស់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ ពិតថ្លៃជាងស្មាតហ្វូនត្រកូល Galaxy S7 ហើយតម្លៃនេះក៏អាចមានភាពខុសគ្នាអាស្រ័យទៅលើទីផ្សារផ្សេងៗគ្នាផងដែរ។
នៅថ្ងៃនេះ យើងបានដឹងអំពីតម្លៃរបស់ស្មាតហ្វូនត្រកូល Galaxy S8 នៅក្នុងទ្វីបអ៊ឺរ៉ុប និងសាធារណរដ្ឋឆែកផងដែរ តម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីនេះត្រូវទម្លាយដោយក្រុមហ៊ុនចែកចាយ Vodafone នៅសាធារណរដ្ឋឆែក។ នេះគឺជាតម្លៃរបស់វា៖
-Galaxy S8 តម្លៃប្រហែលជា 815 អ៊ឺរ៉ូ
-Galaxy S8+ តម្លៃប្រហែលជា 925 អ៊ឺរ៉ូ
តម្លៃរបស់ស្មាតហ្វូន Galaxy S8 និង Galaxy S8+ គិតជាអ៊ឺរ៉ូនេះ គឺសម្រាប់ទីផ្សារនៅទ្វីបអ៊ឺរ៉ុប ។ លោកអ្នកពិតជាមើលឃើញយ៉ាងច្បាស់ថាតម្លៃរបស់ស្មាតហ្វូនត្រកូល Galaxy S8 នេះពិតជាខ្ពស់ជាងតម្លៃស្មាតហ្វូនត្រកូល Galaxy S7 ប្រាកដមែន។ កាលពីឆ្នាំមុនតម្លៃរបស់ស្មាតហ្វូនត្រកូល Galaxy S7 ដាក់លក់នៅទីផ្សារអ៊ឺរ៉ុបគឺ៖
-Galaxy S7 តម្លៃ 700 អ៊ឺរ៉ូ
-Galaxy S7 Edge តម្លៃ 800 អ៊ឺរ៉ូ
យើងនឹងរង់ចាំមើលបន្តទៀតថា តើអតិថិជនមានការឆ្លើយតបយ៉ាងណាវិញជាមួយនឹងតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីខ្ពស់ជាងមុននេះ។ សម្រាប់តម្លៃរបស់ស្មាតហ្វូនត្រកូល Galaxy S8 នេះ នៅក្នុងទឹកដីសហរដ្ឋអាមេរិចនៅមិនទាន់ប្រកាសឱ្យដឹងនៅឡើយទេ ដោយសារតែក្រុមហ៊ុនចែកចាយជាច្រើនធ្វើកម្មវិធីបង់ជាប្រចាំខែវិញជាជាងទិញលុយគ្រប់៕