ទូរស័ព្ទ iPhone 8 គឺជាផ្នែកមួយនៃស្មាតហ្វូនស៊េរីទំនើបសម្រាប់ឆ្នាំ 2017 នេះ ហើយខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅតែស្ងៀមស្ងាត់អំពីទូរស័ព្ទស៊េរីថ្មីនេះ វាមានពាក្យចចាមអារ៉ាម និងព័ត៌មាន បែកធ្លាយជាច្រើនអំពីលក្ខណៈសម្បត្តិ និងរូបរាងនៃការរចនាម៉ូដរបស់ទូរស័ព្ទស៊េរីថ្មីនេះ។ ព័ត៌មានបែកធ្លាយថ្មីបំផុតរបស់ទូរស័ព្ទ iPhone 8 បង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple នឹងភ្ជាប់ជាមួយនឹងកាមេរ៉ាភ្លោះស្រដៀងគ្នាទៅនឹងទូរស័ព្ទ iPhone 7 Plus ដែរគ្រាន់តែកាមេរ៉ាភ្លោះរបស់វាបញ្ឈរ (vertical dual-camera) មិនមែនផ្តេកនោះទេ។ លោក Benjamin Geskin ដែលជាអ្នកទម្លាយព័ត៌មានរបស់ស្មាតហ្វូនស៊េរីថ្មីៗអះអាងនៅលើបណ្តាញសង្គម Twitter អំពីរូបរាងម៉ូដែលនៃទូរស័ព្ទស៊េរីថ្មីថ្មីនេះ (CNC) model ហើយគាត់ថែមទាំងបង្ហោះរូបភាពជាច្រើនអំពីទូរស័ព្ទស៊េរីថ្មីនេះនៅថ្ងៃអាទិត្យនេះផងដែរ។
CNC models ត្រូវបានប្រើប្រាស់នៅក្នុងបច្ចេកវិទ្យាជាន់ខ្ពស់សម្រាប់ការផលិតដោយស្វ័យប្រវត្តិ។ ម៉ូដែលថ្មី ដែលបង្ហាញនៅក្នុងរូបភាពនេះ ហើយនឹងការបង្ហោះរបស់លោក Geskin ក៏ចង្អុលបង្ហាញអំពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទស៊េរីថ្មីនេះផងដែរ។ បន្ថែមពីការបំពាក់កាមេរ៉ាភ្លោះនៅខាងក្រោយ ទូរស័ព្ទ iPhone 8 នឹងមានអេក្រង់គែមកោង 2.5D ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ត្រឹម 4mm ប្រព័ន្ធកាមេរ៉ាភ្លោះខាងមុខ និងមានកម្រាស់ 7.1mm ដូចគ្នាទៅនឹងទូរស័ព្ទ iPhone 7 ។ ទូរស័ព្ទស៊េរីថ្មីនេះនឹងមានពណ៌ខ្មៅថ្មីហៅថា Space Black ។
ពាក្យចចាមអារ៉ាមមួយចំនួនកាលពីពេលមុននេះបង្ហាញថាទូរស័ព្ទ iPhone ថ្មីនេះនឹងមានអេក្រង់គែមកោង Edge-to-Edge ដូចទៅនឹងការរចនាម៉ូដរបស់ស្មាតហ្វូន Samsung Galaxy S8 ប៉ុន្តែលក្ខណៈពិសេសរបស់ទូរស័ព្ទ iPhone 8 នេះគឺផ្តោតសំខាន់ទៅលើប្រព័ន្ធកាមេរ៉ា មិនមែនអេក្រង់នោះទេ។ ទូរស័ព្ទ iPhone 8 ប្រហែលជាដកចេញនូវប៊ូតុង Home ហើយប្រើប្រាស់ប្រព័ន្ធស្កែនក្រយ៉ៅដៃ (Fingerprint Sensor) នៅក្រោមអេក្រង់តែម្តង។
សារព័ត៌មាន Bloomberg រាយការណ៍នៅថ្ងៃទី 18 ខែមេសាថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple កំពុងតែធ្វើតេស្តទៅលើការរចនារូបរាងជាច្រើនសម្រាប់ទូរស័ព្ទ iPhone 8 ប៉ុន្តែលទ្ធផលមិនទាន់បញ្ជប់នៅឡើយទេ។ ប្រសិនបើព័ត៌មាននៃការបែកធ្លាយនេះជាការពិត រូបរាងនៃការរចនារបស់ទូរស័ព្ទ iPhone 8 ប្រហែលជាបែបនេះហើយ។ ទូរស័ព្ទ iPhone 8 ត្រូវគេរំពឹងថានឹងប្រកាសបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ 2017 នេះជាមួយនឹងអេក្រង់ទំហំ 5.8 អ៊ីងកញ្ចក់ OLED បន្ទះឈីប A11 Processor និងប្រព័ន្ធបញ្ចូលថ្ម Wireless Charging ចម្ងាយឆ្ងាយ៕