ថ្ងៃនេះ ក្រុមហ៊ុនវិភាគទីផ្សារ IDC បានបញ្ចេញនូវរបាយការណ៍ថ្មីមួយអំពីស្ថានភាពនៃថេប្លេតដែលកំពុងតែចរាចរនៅលើទីផ្សារក្នុងអ៊ឺរ៉ុបខាងលិចសម្រាប់ត្រីមាសទី 1 ឆ្នាំ 2017 នេះ។ ទីផ្សារថេប្លតនៅក្នុងតំបន់នេះ មានការធ្លាក់ចុះ 1.7% បើធៀបជាមួយឆ្នាំមុនក្នុងរយៈពេលដូចគ្នា។ ថេប្លេតសរុបចំនួន 7.1 លានគ្រឿងដាក់លក់នៅក្នុងប្រទេសជាច្រើនក្នុងតំបន់នេះ ប៉ុន្តែថេប្លេត Android ជាចំនែកមួយយ៉ាងធំនៃទីផ្សារនៅក្នុងតំបន់នេះ។ Samsung គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពាណិជ្ជកម្មធំៗ ជាច្រើន ដែលមានកំណើនកើនឡើងនៅក្នុងត្រីមាសទី 1 នៃឆ្នានេះបើធៀបជាមួយឆ្នាំមុន។ មិនត្រឹមតែ Samsung មានការកើនឡើងនោះទេ ការលក់ថេប្លេតរបស់ក្រុមហ៊ុន Samsung ធ្វើឱ្យថេប្លេត iPad ឈរនៅចំណាត់ថ្នាក់លេខរៀងទី 2 ។ ក្រុមហ៊ុន Samsung បានឈរនៅចំណាត់ថ្នាក់កំពូលក្នុងការចែកចាយថេប្លេតនៅអ៊ឺរ៉ុបខាងលិចនៅក្នុងត្រីមាសទី1 ឆ្នាំ 2017 នេះ។
នៅក្នុងទិន្នន័យនេះ បង្ហាញថា ក្រុមហ៊ុន Samsung នាំចេញថេប្លេតបានចំនួន 1.89 លានគ្រឿងក្នុងត្រីមាសទី1 នៃឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុនមានការនាំចេញត្រឹមតែ 1.6 លានគ្រឿងប៉ុណ្ណោះ។ Samsung គ្រប់គ្រងបានរហូតដល់ទៅ 26.5% នៃចំណែកទីផ្សារថេប្លេតនៅអ៊ឺរ៉ុបខាងលិចដែលមានសន្ទុះនៃការកើនឡើង 17.9% ពីមួយឆ្នាំទៅមួយឆ្នាំ។
ចំនែកក្រុមហ៊ុនApple នាំចេញថេប្លេត iPad បាន 1.54 លានគ្រឿង បើធៀបនឹងឆ្នាំមុនមានការនាំចេញថេប្លេតចំនួន 1.74 លានគ្រឿង។ Apple គ្រប់គ្រង 21.7% នៃចំណែកទីផ្សារសរុបនៅអ៊ឺរ៉ុបខាងលិច ហើយវាមានការធ្លាក់ចុះ 11.5% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ iPads មានតម្លៃខ្ពស់ជាងស្ទើរតែ 50% នៃថេប្លេត Android ដោយសារតែតម្លៃរបស់វាទាំងអស់គឺខ្ពស់ជាង 600 អ៊ឺរ៉ូ។ វាមានន័យថា អតិថិជនជាច្រើននៅអ៊ឺរ៉ុបខាងលិចដែលចង់ទីញថេប្លេតស៊េរីខ្ពស់ប្រណិតពួកគេប្រហែលជាជ្រើសរើស iPad ជាជាងយកថេប្លេតស៊េរីផ្សេង៕