តួរលេខនៃចំនែកទីផ្សារត្រីមាសទីមួយសម្រាប់ទីផ្សារ Smart Watch នៅទូទាំងពិភពលោកត្រូវបានបញ្ចេញ ដែលពួកគេបានបង្ហាញថាក្រុមហ៊ុន Samsung ឥលូវបានមកឈរនៅលេខរៀងទីពីរដោយបានផ្តូលក្រុមហ៊ុន Fitbit។ វត្តមាននៃនាឡិកាដៃឆ្លាតវៃស៊េរីថ្មីបំផុតរបស់ Samsung ស៊េរី Gear S3 បានជម្រុញឲ្យក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះទទួលបានចំនែកទីផ្សារ 12.8% នៃការចរាចរណ៍លក់នៅទូទាំងពិភពលោកក្នុងរយះពេល 3 ខែ ដោយគិតចាប់ពីខែមករា ដល់ខែមិនា។
ចំនែកក្រុមហ៊ុន Fitbit ដែលគេស្គាល់ភាគច្រើនថាជាក្រុមហ៊ុនផលិតឧបករណ៍តាមដានសុខភាព Fitness bands នោះទទួលបានចំនែកទីផ្សារ 12.2% ក្នុងរយះពេលនៃការលក់ដូចគ្នានេះ។ ក្រុមហ៊ុនដែលឈរនៅលំដាប់កំពូលតារាងនៃការលក់នាឡិកាដៃឆ្លាតវៃក្នុងត្រីមាសដំបូងឆ្នាំនេះគឺ Apple។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានកាន់កាប់ចំនែកទីផ្សារខ្ពស់រហូតដល់ទៅ 53% នៃទីផ្សារ Smart Watch ពិភពលោក។ បើពិនិត្យមើលទៅលើតួរលេខនៃការនាំចេញជំនួសឲ្យតួរលេខនៃការលក់ Apple មានចំនួននៃការនាំចេញខ្ពស់ជាងក្រុមហ៊ុនដទៃដែលមានតួរលេខនាំចេញ 16% កំឡុងត្រីមាសទីមួយឆ្នាំនេះ ហើយក្រុមហ៊ុន Xiaomi របស់ចិនមានតួរលេខនៃការនាំចេញ wearable ប្រមាណ 15.5% ឈរនៅពីក្រោយ Apple។
ដូចដែលយើងបានចង្អុលបង្ហាញពីខាងដើមហើយថា Fitbit បានឈរនៅពីក្រោយក្រុមហ៊ុន Apple និង Samsung សម្រាប់ការលក់នាឡិការបស់ខ្លួនក្នុងត្រីមាសដំបូង ប៉ុន្តែក្រុមហ៊ុនមួយនេះមានការនាំចេញនាឡិការបស់ខ្លួនប្រមាណតែ 12.3% ប៉ុណ្ណោះ គិតចាប់ពីខែមករាដល់ខែមិនា។ ទោះជាយ៉ាងណាក្នុងរបាយការណ៍គឺមិនបានបង្ហាញពីតួរលេខនៃការនំាចេញរបស់ក្រុមហ៊ុន Samsung និងតួរលេខនៃការលក់របស់ក្រុមហ៊ុន Xiaomi នោះទេ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺទីផ្សារ Apple Watch នៅតែមានភាពរឹងមាំដោយបានក្តាប់ចំនែកទីផ្សារជាងពាក់កណ្តាលទៅហើយក្នុងទីផ្សារពិភពលោកសម្រាប់វិស័យមួយនេះ។ យើងសង្កេតឃើញថា ទីផ្សារ Smart Watch ហាក់រាងធ្លាក់ចុះមែន ក៏ប៉ុន្តែ វានៅតែមានការប្រគូតប្រជែង ទីផ្សារខ្លាំងបំផុតរវាងក្រុមហ៊ុនធំៗដើម្បីបង្ហាញឲ្យឃើញថាក្រុមហ៊ុនណាខ្លាំងក្រុមហ៊ុនណាខ្សោយក្នុងវិស័យមួយនេះ៕