កាលពីថ្ងៃទី 10 សីហាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទចិន Meizu បានប្រលែងចេញស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលបន្ថែមទៀតគឺ Meizu M3e ដែលជាស្មាតហ្វូនមានរចនាបថរូបរាងឡើងពីលោហះដ៏ស្រស់ស្អាតជាមួយកញ្ចក់ដ៏ធំទូលាយ។ បើគិតចាប់ពីថ្ងៃប្រកាសចេញមកដល់ពេលនេះគឺមានរយះពេលជាងពីរថ្ងៃមកហើយដែលទូរស័ព្ទមួយនេះត្រូវបានក្រុមហ៊ុនដាក់លក់នៅលើវ៉ិបសាយផ្ទាល់របស់ខ្លួន។
តាមរបាយការណ៍ពីក្រុមហ៊ុន Meizu បានឲ្យដឹងថា “ការចេញលក់ថ្ងៃដំបូងគឺមិនដល់ 24 ម៉ោងផង Meizu M3e ទទួលបានការចុះឈ្មោះទិញរហូតដល់ទៅជាង 3 លានគ្រឿងឯណោះ ដែលនេះសបញ្ជាក់ឲ្យឃើញថាស្មាតហ្វូនស៊េរីថ្មីនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនមែនទែន។ ហើយ Meizu នឹងដាក់ឲ្យអតិថិជនអាចចុះឈ្មោះទិញទូរស័ព្ទស៊េរីថ្មីនេះរហូតដល់ថ្ងៃ 13 សីហា និងចេញលក់ជាផ្លូវការណ៍នៅថ្ងៃបន្ទាប់គឺថ្ងៃទី 14 សីហា។ ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយនេះមានភ្ជាប់មកជាមួយគុណសម្បត្តិល្អៗសមប្រកបជាច្រើនសម្រាប់ការប្រើប្រាស់ និងមានតម្លៃធូរថ្លៃគឺប្រហែល 200 ដុល្លារប៉ុណ្ណោះ។
Meizu M3 ត្រូវបានក្រុមហ៊ុនបំពាក់ដោយបន្ទះឈីបប្រភេទ Mediatek MT6755 Helio P10-64bitមានអង្គគណនា (CPU) ភ្ជាប់ជាមួយចំនួន 8 គ្រាប់ (Octa Core បែងចែកជា 2 ដោយ 4 គ្រាប់មានល្បឿន 1.8GHz និង 4 គ្រាប់ទៀតមានល្បឿន 1.0 GHz ជាប្រភេទ Cortex-A53 ទាំងអស់។ ប៉ុន្តែទោះបីជា Meizu M3e ជាស្មាតហ្វូនស៊េរីថ្មីក៏ពិតមែនតែវាអាចដំណើរការបានតែជាមួយ Android ជំនាន់ Lollipop v5.1 ជាមួយប្រតិបត្តិការ Meizu Flyme OS v5.2.1 ប៉ុណ្ណោះ។ យើងសង្ឃឹមថា Meizu នឹងបញ្ចេញកំនែប្រែអាប់ដែតទៅ Android ជំនាន់ក្រោយបំផុតនៅពេលដ៏ខ្លីខាងមុខនៅលើ Meizu M3e នេះជាមិនខាន។
សម្រាប់រ៉េមរបស់វាវិញគឺមានទំហំ 3GB រួមជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ 32GB។ ជាងនេះទៅទៀតប្រសិនបើទំហំផ្ទុក 32GBជាប់ម៉ាស៊ីនរបស់វាមិនទាន់គ្រប់គ្រាន់សម្រាប់ផ្ទុកឯកសាររូបភាព វីដេអូ កម្មវិធី និងហ្គេមជាដើមលោកអ្នកអាចបន្ថែមទំហំបានតាមរយះមេម៉ូរីកាតប្រភេទ microSD ដែលអាចទ្រទ្រង់បានរហូតដល់ទៅ 256GB ឯណោះ។ Meizu បំពាក់ដោយកញ្ចក់អេក្រង់ទំហំ 5.5” អាចទ្រទ្រង់ការបង្ហាញវីដេអូបានក្នុងកម្រិត Full-HD ឬ 1080x1920px។
ជាមួយគ្នានេះដែរនៅក្នុងតួរម៉ាស៊ីន Meizu m3e ផ្ទុកថ្មជាប់តួរមានថាមពលទំហំ 3,100 mAh ព្រមជាមួយនឹងបច្ចេកវិទ្យាសន្សំសំចៃ និងសាកថាមពលថ្មល្បឿនលឿន (fast battery charging) ដែលកាន់តែពិសេសសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើង។ Meizu M3e នឹងមានវត្តមានដាក់លក់ក្នុងទីផ្សារកម្ពុជាយើងដ៏ខ្លីខាងមុខនេះផងដែរ៕