នៅថ្ងៃនេះ Corning ដែលជាក្រុមហ៊ុនដ៏ល្បីឈ្មោះក្នុងការផលិតកញ្ចក់ Gorilla Glass សម្រាប់ធ្វើការការពារទៅលើស្គ្រីននៃស្មាតហ្វូនជាច្រើនដែលកំពុងតែចរាចរណ៍នៅលើទីផ្សារបានធ្វើការប្រកាសជាផ្លូវការនូវកញ្ចក់ប្រភេទថ្មីឈ្មោះថា Gorilla Glass SR+។ ក្រោមឈ្មោះថា “ការច្នៃប្រឌិតថ្មីដ៏អស្ចារ្យ”បានធ្វើឱ្យកញ្ចក់ Gorilla Glass SR+ បានក្លាយជាកញ្ចក់ថ្មីដ៏អស្ចារ្យបំផុតមួយ ដែលរចនាឡើងសម្រាប់ប្រើប្រាស់នៅលើ Smartwatch ។
បើតាមប្រភពពី Corning កញ្ចក់ថ្មីរបស់ក្រុមហ៊ុនមួយនេះផ្តល់នូវ “ភាពធន់ទ្រាំនឹងការកោសដែលល្អគ្មានគូប្រៀប” ហើយយើងសន្មត់ថា ក្រុមហ៊ុនមួយនេះពិតជាកំពុងតែនិយាយអំពីកញ្ចក់ដែលធ្វើពីត្បូងកណ្តៀងហើយ។ Corning បានធ្វើការបន្ថែមថា កញ្ចក់ Gorilla Glass SR+នឹងផ្តល់នូវភាពធន់នឹងការខូតខាតបានរហូតដល់ទៅ 70% ល្អប្រសើរជាងមុន ហើយវាប្រើប្រាស់នូវវត្ថុធាតុដើមដ៏ប្រណិតប្រហែលជាង 25% ល្អប្រសើរជាងមុន។ សរុបមក នាឡិកា និងស្មាតវ៉ចរំពឹងថា នឹងកាន់តែប្រសើរជាងពេលនេះព្រោះវាមានមុខងារប្រឆាំងនឹងទៅនឹងការកោសឆ្កូត និងការធ្លាក់ផងដែរ។
Corning បញ្ជាក់ថា កញ្ចក់ Gorilla Glass SR+ ពេលនេះត្រូវបានសាកល្បងប្រើប្រាស់នៅ Smartwatch ហើយវារំពឹងថានឹងបង្ហាញជាផ្លូវការនៅចុងឆ្នាំនេះ។ វានឹងក្លាយទៅជាអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះយើងនៅមិនទាន់ដឹងថាតើ Smartwatch ណាដែលប្រើប្រាស់នូវកញ្ចក់ Gorilla Glass នោះហើយវាប្រហែលជានាឡិកា Watch 2 របស់ក្រុមហ៊ុន Apple ហើយមើលទៅ?
Gorilla Glass SR+ ជាកញ្ចក់ស៊េរីថ្មីទី 2 របស់ Corning ដែលបានប្រកាសបង្ហាញនៅឆ្នាំ 2016 នេះ បន្ទាប់ពីវាបានប្រកាសនូវកញ្ចក់ Gorilla Glass 5 ដែលបានបង្ហាញខ្លួននៅលើទូរស័ព្ទ Samsung Galaxy Note 7 ដែលទើបតែប្រកាសមិនទាន់បានយូរប៉ុន្មានផងនោះ៕