ការបង្ហាញនូវនាឡិកាស្មាតវ៉ច Gear S3 Classic និង Gear S3 Frontier របស់ក្រុមហ៊ុន Samsung នៅក្នុងព្រឹត្តិការណ៍ IFA បានបង្ហាញពីបច្ចេកវិទ្យាទំនើបអស្ចារ្យដែលលោកអ្នកនឹកស្មានមិនដល់ដែលបានបំពាក់នៅលើឧបករណ៍ពាក់នៅលើកដៃរបស់អ្នក។
ការប្រកួតប្រជែងគ្នាជាមួយនឹងក្រុមហ៊ុនដែលមានសក្តានុពលកាន់តែខ្លាំងដូចជាក្រុមហ៊ុន Google និងក្រុមហ៊ុន Apple បានជម្រុញឱ្យក្រុមហ៊ុន Samsung ប្រឹងប្រែងកាន់តែខ្លាំងក្នុងការបង្កើតនូវឧបករណ៍ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Tizen វិញដើម្បីបង្ហាញពីសក្តានុពលរបស់ក្រុមហ៊ុនខ្លួនផងដែរ។ ក្នុងខណៈពេលដែលនាឡិកាឆ្លាតវៃ Gear S3 ទើបតែបានបង្ហាញនោះ ក្រុមហ៊ុនសាមសុងពេលនេះបានចែករំលែកនូវវីដអូនិយាយលម្អិតពីរចនាបទថ្មីដែលបានបំពាក់នៅលើស្មាតវ៉ច Gear S3 នេះ។
មុខងារអស្ចារ្យជាច្រើនដែលបានបំពាក់នៅលើនាឡិកាឆ្លាតវៃ Gear S3 អាចបង្ហាញពីការវិវត្តន៍ខ្លួនមួយកម្រិតទៀតនៃស្មាតវ៉ច។ អ្វីដែលកាន់តែទាក់ទាញនោះគឺថានាឡិកានេះថែមទាំងអាចប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Samsung Pay ដោយប្រើប្រាស់នូវប្រតិបត្តិការតាមរយៈប្រព័ន្ធ NFC សម្រាប់ការទូទាត់គណនីសាច់ប្រាក់ ខណៈពេលដែលនាឡិកាឆ្លាតវៃ Frontier នឹងទទួលបានការគាំទ្រទាំងអស់របស់ LTE ។ បើនិយាយពីសក្តានុពលរបស់ថាមពលថ្មវិញអាចប្រើប្រាស់បានរយៈពេល ៤ ថ្ងៃជាមួយនឹងថ្មកម្លាំង 380mAh ហើយអ្នកអាចប្រើប្រាស់ស្មាតវ៉ចនេះដោយមិនចាំបាច់ត្រូវការប្រើប្រាស់ជាមួយនឹងទូរស័ព្ទនោះទេ។
ជាមួយនឹងមុខងារជាច្រើនដ៏ទាក់ទាញនៃផ្នែករឹង (Hardware) និងផ្នែកទន់ (Software) វាហាក់ដូចជាបង្ហាញថានាឡិកាស្មាតវ៉ចនេះប្រៀបបីដូចជាកុំព្យូទ័រតូចមួយសម្រាប់ពាក់នៅលើកដៃ។ សម្រាប់ម៉ូដែលទាំងពីររបស់ Gear S3 នេះសុទ្ធតែមានការរចនាយ៉ាងស្រស់ស្អាតប្លែកពីគ្នា ហើយនាឡិកាស្មាតវ៉ចទាំងនេះនឹងដាក់លក់នៅឆ្នាំនេះផងដែរ៕