វាសឹងតែមិនគួរឲ្យជឿដែលក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃដ៏ល្បីល្បាញ Acer បានធ្វើឲ្យអ្នកប្រើប្រាស់ទូទាំងពិភពលោកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយកុំព្យូទរ័យួរដៃស៊េរីថ្មីបំផុតរបស់ខ្លួនម៉ូដែល Acer Swift 7 ដែលជាកុំព្យូទ័រយួរដៃដែលស្តើងជាងគេបំផុតលើលោកនេះ។ Swift 7 បានបំបែកឯកទ្តកម្មកុំព្យូទ័រស្តើងបំផុតរបស់ HP ម៉ូដែល HP Spectre ដែលមានកម្រាស់ 10.4 មម ដែលដណ្តើមបានពី MacBook Air 12” របស់ Apple ដែលមានកម្រាស់ 12 មម។កុំព្យូទ័រយួរដៃដ៏ស្តើងបំផុតគ្មានគូប្រៀបមួយនេះមានទំងន់ស្រាលត្រឹមតែ 1.1 គីឡូក្រាមប៉ុណ្ណោះ។
ហើយវាបានបំពាក់ដោយកញ្ចក់អេក្រង់ប្រភេទ IPS panel ទំហំ 13.3” ស្រោបការពារដោយកញ្ចក់ Corning Gorilla Glass ដែលអាចបង្ហាញផ្ទាំងរូបភាពវីដេអូបានកម្រិត FullHD ឬ 1080x1920px។ កុំព្យូទ័រដ៏ស្តើងបំផុតនេះត្រូវបានក្រុមហ៊ុន Acer បំពាក់ដោយបន្ទះឈីប Intel ជំនាន់ចុងក្រោយបង្អស់ស៊េរី Kaby Lake ដែលមានពីរជម្រើសគឺ Intel Kaby Lake- corei5 & corei7 ជាមួយអង្គចងចាំបណ្តោះអាសន្ន 8 GB RAM និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំ 256GB ប្រភេទ SSD Storage។
ជាមួយគ្នានេះដែរ Acer Swift 7 ក៏នៅមានថ្មដែលអាចកាន់ថាមពលប្រើប្រាស់បានប្រហែល 9 ម៉ោង, មានរន្ធដោត USB ជំនាន់ទីបី ឬ USB Type-C ចំនួនពីរ, រន្ធដោតកាសខ្នាត 3.5 មម និងដំណើរការជាមួយប្រតិបត្តិការ Windows 10។ ហើយដោយសារតែកម្រាស់វាស្តើងពេកនោះគឺវាមិនមានថតសម្រាប់ចាក់ឌីវីឌីនោះទេ។ Acer Swift 7 នឹងចេញដាក់លក់ក្នុងទីផ្សារទ្វីបអាមេរិក និងអឺរ៉ុបនៅដើមខែតុលាខាងមុខដែលមានតម្លៃប្រហែល $999៕