ពេលនេះ ទូរស័ព្ទ ZenFone 3 របស់ក្រុមហ៊ុន ASUS បានក្លាយជាទូរស័ព្ទដំបូងបំផុតដែលប្រើប្រាស់នូវឈីប Snapdragon 821 ហើយបានជ្រើសរើសយកទឹកដីរបស់ក្រុមហ៊ុនផ្ទាល់តែម្តងគឺនៅតៃវ៉ាន់សម្រាប់ការដាក់លក់ជាផ្លូវការនៅក្នុងតម្លៃក្បែរ 800 ដុល្លារ (5320 យ័ន)។ ទូរស័ព្ទ ZenFone 3 Deluxe ត្រូវបានដាក់លក់ពីរពណ៌គឺពណ៌ទឹកប្រាក់ និងពណ៌មាស ហើយការដឹកជញ្ជូនលើកទីមួយនៅថ្ងៃទី 12 ខែកញ្ញា ហើយការដឹកជញ្ជូនបន្ទាប់គឺនៅថ្ងៃទី 23 ខែកញ្ញាខាងមុខនេះ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះគឺថា ទូរស័ព្ទ ZenFone 3 Deluxe បានធ្វើការ Upgrade ពី Qualcomm Snapdragon 820 ទៅប្រើប្រាស់ប្រភេទឈីបថ្មីវិញក្រោយពេលដែលប៉ុន្មានខែចុងក្រោយនេះ គេរកឃើញថាទូរស័ព្ទរបស់ក្រុមហ៊ុន ASUS ដំណើរការមានល្បឿនយឺតនៅឡើយ។ ការប្រើប្រាស់នូវឈីបប្រភេទថ្មីនេះជួយបង្កើនល្បឿនលឿនជាងមុនដល់ទៅ 10% ដែលល្បឿនដំណើរការកើនដល់ 2.34GHz ចំនែក GPU វិញបានកើនឡើងដល់ទៅ 653MHz ដែលស៊េរីមុនវាមានល្បឿនតែ 624MHz តែប៉ុណ្ណោះ។
ទូរស័ព្ទ ZenFone 3 Deluxe នេះមានអេក្រង់ទំហំ 5.7 អ៊ីងកម្រិតភាពច្បាស់ Super AMOLED 1080p ភ្ជាប់ជាមួយរ៉េមទំហំ 6GB ប្រភេទ LPDDR4 ម៉េមូរីម៉ាស៊ីនទំហំ 256GB ប្រើប្រាស់នូវ UFS 2.0 បង្កើនល្បឿនលឿនអស្ចារ្យ។ លើសពីនេះទៀត ទូរស័ព្ទនេះប្រើប្រាស់នូវកាមេរ៉ា Sony IMX318 ទំហំ 23 មេហ្គាភិចសែល (ប្រើប្រាស់ជាមួយ OIS, Laser Autofocus, និង RGB Color Sensor) កាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចសែល ហើយវាប្រើប្រាស់នូវ 3000mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា Qualcomm Fast Charging 3.0 រួមទាំងប្រព័ន្ធប្រតិបត្តិការ Android 6.0.1 ជាមួយនឹង Zen UI 3.0 ។ វាប្រើប្រាស់ជាមួយនឹងប្រព័ន្ធស្កែនក្រយ៉ៅដៃ និងប្រើប្រាស់នូវស៊ីមពីរទៀតផង៕