យោងតាមរបាយការណ៍ពីការសែត Financial Times បានឲ្យដឹងថា ក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័រ និងផលិតផលបច្ចេកវិទ្យាយក្ស Microsoft កំពុងពិចារណាជុំវិញគម្រោងបិទការិយាល័យ Skype នៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសដែលមានបុគ្គលិកកំពុងបម្រើការប្រមាណ 400 នាក់នៅពេលដ៏ខ្លីខាងមុខនេះ។
របាយការណ៍ដដែលនេះបានបន្តថា ការសម្រេចចិត្តរបស់ Microsoft ក្នុងការបិទការិយាល័យបម្រើសេវាកម្មលើកម្មវិធី Skype នេះដោយសារតែក្រុមហ៊ុនចង់កាត់បន្ថយការចំនាយរបស់ខ្លួន និងដើម្បីទប់ស្កាត់គ្រោះហានិភ័យមួយចំនួនទាក់ទងទៅនឹងសេវាកម្ម Skype និង Yammer។ ប៉ុន្តែទោះបីជាយ៉ាងណាក្រុមហ៊ុន Microsoft នឹងនៅតែបន្តធ្វើការងារឲ្យបានកាន់តែល្អប្រសើរឡើងវិញនូវសេវាកម្មទំនាក់ទំនងតាមរយះកម្មវិធី Skype នៅតាមតំបន់មួយចំនួនដែលមានការិយាល័យ Skype កំពុងដំណើរការនៅទូទាំងសកលលោករួមមានដូចជាទីក្រុងRedmond, រដ្ឋប៉ាឡូអាល់តូ, ទីក្រុង Vancouver, និងតំបន់មួយចំនួនទៀតក្នុងទ្វីបអឺរ៉ុប។
គួររំលឹកដែរថា Skype គឺជាកម្មវិធីទំនាក់ទំនងសង្គមមួយដែលមានភាពពេញនិយមខ្លាំងបំផុតកាលពីពីរបីឆ្នាំមុន ប៉ុន្តែ កម្មវិធីមួយនេះបានធ្លាក់ប្រជាប្រិយភាពនៅពេលមានក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីទំនាក់ទំនងដែលមានទម្រង់លក្ខណះប្រហាក់ប្រហែលនឹង Skype មានដូចជាកម្មវិធី WhatApps និង Facebook messenger…ជាដើមដែលវាបានធ្វើឲ្យអ្នកប្រើប្រាស់ងាកទៅចាប់អារម្មណ៍ប្រើកម្មវិធីអស់ទាំងនោះជំនូសកម្មវិធី Skype របស់ Microsoft វិញ។កត្តានេះហើយដែលបានធ្វើឲ្យប្រាក់ចំណូលពីកម្មវីធីមួយនេះធ្លាក់ចុះខ្លាំង ហេតុនេះហើយបានជំរុញឲ្យ Microsoft ធ្វើការកែទម្រង់រចនាស័ម្ពន្ធក្នុងការគ្រប់គ្រងលើកម្មវិធីនេះសារជាថ្មីឡើងវិញ៕