ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនដ៏ល្បីល្បាញរបស់ប្រទេសចិន Huawei បានប្រកាសថ្មីៗនេះថាក្រុមហ៊ុន Huawei នឹងចាប់ផ្តើមដំណើរការផលិតទូរស័ព្ទស្មាតហ្វូននៅប្រទេសឥណ្ឌាក្នុងពេលឆាប់ៗនេះ។ ដោយពេលនេះក្រុមហ៊ុន Huawei បានបង្កើតក្រុមការងារមួយធ្វើកិច្ចការនេះដោយចាប់ដៃគូសហការជាមួយក្រុមការងាររបស់ Flex រួចរាល់ហើយ ហើយនឹងចាប់ផ្តើមដំណើរការចង្វាក់ផលិតកម្មនៅក្នុងរោងចក្រ Flex' Chennai របស់ឥណ្ឌាផ្ទាល់តែម្តង។
Huawei បានបញ្ជាក់បន្ថែមថាចង្វាក់នៃការផលិតស្មាតហ្វូនអាចនឹងចាប់ផ្តើមឡើងនៅសប្តាហ៍ទីមួយខែតុលាខាងមុខនេះ ហើយស្មាតហ្វូនដំបូងដែលនឹងត្រូវផលិតគឺត្រកូល Honor ព្រោះថាស្មាតហ្វូនម៉ូដែលនេះទទួលបានការពេញនិយមខ្លាំងពីអ្នកប្រើប្រាស់ទាំងនៅប្រទេសឥណ្ឌា និងទីផ្សារសកល។ បើតាមគម្រោង Huawei នឹងជំរុញការផលិតស្មាតហ្វូន Honor នេះយ៉ាងហោចណាស់ឲ្យបាន 3 លានគ្រឿងដែរដល់ដំណាច់ឆ្នាំ 2017។ ជាងនេះទៅទៀត Huawei ក៏នឹងពង្រឹងបណ្តាញសេវាកម្មរបស់ខ្លួនឲ្យកាន់តែរល្អប្រសើរឡើងផងដែរ។
បច្ចុប្បន្ននេះ Huawei មានទីតាំងមជ្ឈមណ្ឌលជាង 200 និងមជ្ឈមណ្ឌលចម្បងជាង 30 នៅទូទាំងប្រទេសឥណ្ឌា។ ស្របពេលជាមួយគ្នានេះដែរ Huawei ក៏មានគម្រោងបង្កើនកិច្ចសហការជាមួយនឹងដៃគូដំណាងចែកចាយបន្តថ្មីៗជាង 350 បន្ថែមទៀតព្រមជាមួយហាងដំណាងលក់រាយឲ្យបានយ៉ាងតិច 50,000 ហាងនៅទូទាំងប្រទេសឥណ្ឌានៅជិតដំណាច់ឆ្នាំ 2016 នេះ៕