គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃកន្លងផុតទៅ ទូរស័ព្ទ Samsung Galaxy C9 បានបង្ហាញខ្លួននៅលើគេហទំព័រនាំចេញនាំចូលដ៏ល្បីល្បាញ Zauba របស់ប្រទេសឥណ្ឌា។ នៅក្នុងបញ្ជីនេះបានបង្ហាញពីទំហំអេក្រង់របស់ទូរស័ព្ទនេះថាមានទំហំ 6 អ៊ីង។ នៅថ្ងៃនេះ លក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Galaxy C9 ត្រូវបានបែកធ្លាយនៅលើ Geekbench ដែលប្រើប្រាសនូវ CPU ប្រភេទ Snapdragon 652 Octa-Core ដែលមានល្បឿន 1.4GHz ហើយនឹង Adreno 510 GPU ។
សម្រាប់លក្ខណៈសម្បត្តិផ្សេងទៀតមានដូចជារ៉េមទំហំ 6GB និងការតម្លើងនូវប្រព័ន្ធប្រតិបត្តិការ Android 6.0.1 រួចជាស្រេច។ លេខសម្រាប់សម្គាល់មូដែលទូរស័ព្ទថ្មីនេះគឺ SM-C9000 ។ ទូរស័ព្ទត្រកូល Galaxy C គឺមានវត្តមានតែក្នុងប្រទេសចិនប៉ុណ្ណោះ ហើយរហូតទាល់តែក្រុមហ៊ុន Samsung សម្រេចចិត្តចែកចាយទៅតំបន់ក្រៅពីប្រទេសចិននេះទើបលោកអ្នកអាចស្វែងរកទិញបាន។
ការដាក់ពិន្ទុ Single-Core តាមរយៈ Geekbench សម្រាប់ទូរស័ព្ទ Galaxy C9 គឺមានចំនួន 1304 ចំនែកការដាក់ពិន្ទុតេស្ត Multi-Core ទូរស័ព្ទនេះទទួលបានពិន្ទុ 4366 ។ យើងរំពឹងថា ទូរស័ព្ទ Samsung Galaxy C9 ដែលជាត្រកូលស៊េរី C ចុងក្រោយគេបំផុតនឹងបង្ហាញខ្លួននៅខែក្រោយឆាប់ៗនេះ ។