ថ្មីៗនេះ ក្រុមហ៊ុន Samsung បានទម្លាយថា ក្រុមហ៊ុនយក្សមួយនេះ បានបើកសម្ភោធនូវមជ្ឈមណ្ឌលថ្មីមួយទៀតនៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ គ្រោងការថ្មីនេះ មានឈ្មោះថា Samsung NEXT ដែលជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីជួយដល់ការចាប់ផ្តើមអាជីវកម្មនៃក្រុមហ៊ុន ក៏ដូចជាការពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់នេះ។
ការចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅក្នុងទីក្រុង Tel Aviv នេះ នឹងផ្តលនូវកន្លែងសម្រាប់កសាងទីតាំងមូលដ្ឋានរបស់ Samsung NEXT បន្ទាប់ពីទីនេះ បានទទួលនូវការផ្តល់មូលនិធិរហូតដល់ទឹកប្រាក់ 1 លានដុល្លារអាមេរិចចេញពីក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូង។ សម្រាប់រយៈពេលច្រើនជាង 3 ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Samsung បានធ្វើការបណ្តាក់ទុនទៅលើការចាប់ផ្តើមជំនួញថ្មីទៅលើ 18 ទីតាំងផ្សេងគ្នា។ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនេះ បានបណ្តាក់ទុនជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតដើម្បីរួមចំនែកគ្នាផងដែរ។
ដំណឹងនេះ បានផ្សព្វផ្សាយត្រឹមតែរយៈពេល 2 ខែបន្ទាប់ពីមជ្ឈមណ្ឌលស្រាវជ្រាវ Creative Lab (C-Lab) របស់ក្រុមហ៊ុន Samsung ចាប់ផ្តើមដំណើរការគម្រោងទាំង 5 ដែលជាការចាប់ផ្តើមអាជីវកម្មឯករាជ្យដូចជាទៅលើ Idea Printer និង Welt ផងដែរ៕