អ្នកវិភាគទីផ្សារស្មាតហ្វូនបានលើកឡើងថា “ក្រោយ Samsung បានសម្រេចចិត្តប្រកាសបញ្ឈប់ផលិត និងចែកចាយកំពូលស្មាតហ្វូន Galaxy Note7 បន្តទៀត វាជាឱកាសល្អបំផុតសម្រាប់ដៃគូប្រជែងដ៏ធំរបស់ខ្លួនគឺ Apple ក្នុងការចេញចរាចរណ៍លក់កំពូលស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនគឺ iPhone 7 និង 7 Plus”។ ប៉ុន្តែទោះបីជាយ៉ាងណាវាក៏មិនមែនចោទជាបញ្ហាធំសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះឡើយព្រោះក្រុមហ៊ុនដ៏នូវមានសក្តានុពលមួយនេះនៅមានអាវុធពិសេសចំនួនពីរសម្រាប់ប្រជែងផងដែរគឺ Galaxy S7 និង7 Plus ដែលម៉ូដែលទាំងពីរនេះគឺជាកំពូលស្មាតហ្វូនល្អផ្តាច់គេក្នុងឆ្នាំ 2016 នេះរបស់ Samsung។
លោកBrian White អ្នកវិភាគទីផ្សារមួយរូបមកពី Drexel Hamilton បានមានប្រសាសន៍ថា “ ចំពោះវត្តមានកំពូលហ្វាប់ប្លែត Samsung Galaxy Note 7 លោកបានប៉ាន់ប្រមាណថាវាអាចនឹងលក់បានពី 10 ទៅ 14 លានគ្រឿងនៅឆមាសទីពីរឆ្នាំនេះចាប់តាំងពីពេល Samsung ប្រកាសចេញលក់ដែលចាប់ផ្តើមពីថ្ងៃទី 19 កញ្ញាមក ប៉ុន្តែគួរឲ្យសោកស្តាយដោយសារតែមានបញ្ហាកើតឡើងចំពោះម៉ូដែលនេះទើបអ្វីមានការប្រែប្រួល ហើយវាក៏បានផ្តល់ឱកាស Apple ក្នុងការបញ្ចេញលក់បន្ថែមទៀតសម្រាប់ iPhone 7 និង 7 Plus”។
លោកបន្តថា “តាមការវិភាគរបស់យើង Apple អាចនឹងបញ្ចេញលក់ iPhone 7 និង 7 Plus បន្ថែមទៀតចំនួនប្រមាណ 8 លានគ្រឿង ឬច្រើនជាងនេះសម្រាប់ឆ្នាំ 2016 នេះ”។ ដូចនេះវាអាចនឹងធ្វើឲ្យទីផ្សារស្មាតហ្វូនរបស់ Apple ហក់ឡើងខ្លាំងលើសពីការរំពឹងទុក។ ហើយខណះពេលនេះ Apple កំពុងតែមានប្រៀបជាងដៃគូសំខាន់ៗរបស់ខ្លួនក្នុងទីផ្សារស្មាតហ្វូនប្រទេសចិន ក្នុងនោះដែលក្រុមហ៊ុនអាមេរិកមួយនេះមានហាងលក់រាយបន្តចំនួន 30 ក្នុងទីក្រុង Shenzhen ហើយអ្នកប្រើប្រាស់ក៏មានចំណាប់អារម្មណ៍ខ្លាំងជាមួយ iPhone 7 និង7 Plus ពិសេសម៉ូដែលពណ៌ខ្មៅរលោងតែម្តង។
យើងសង្កេតឃើញថា សម្រាប់ការចេញលក់ទូរស័ព្ទ iPhone ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងខ្លាំងគួរឲ្យកត់សំគាល់ ប៉ុន្តែទោះជាយ៉ាងណាក៏ Samsung នៅតែមានប្រៀបជាង Apple ដែលជុំវិញការលក់ទូរស័ព្ទស្មាតហ្វូននៅទូទាំងទីផ្សារសកលលោក។ ហើយប៉ុន្មានសប្តាហ៍មកនេះមានព័ត៌មានចចាមអារ៉ាមលេចលឺមកថា Samsung អាចនឹងបញ្ចេញកំពូលស្មាតហ្វូនជំនាន់ថ្មីក្នុងត្រកូល Galaxy S គឺ Galaxy S8 មុនកាលកំនត់គឺអាចកំឡុងថ្ងៃទី 26 កុម្ភះ ឆ្នាំក្រោយនេះដើម្បីស្តារមុខមាត់ Galaxy Note 7 ឡើងវិញទៀតផង៕