បើតាមរបាយការណ៍អំពីប្លុក Macotakara របស់ប្រទេសជប៉ុនបានឱ្យដឹងថា ក្រុមហ៊ុន Apple បានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ចេញនូវ iPad Pro ស៊េរីថ្មីចំនួន 3 ម៉ូដែលនៅនិទាយរដូវឆ្នាំ 2017 នេះ។ របាយការណ៍នេះបានអះអាងថា iPad Pro ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple នឹងមានអេក្រង់ចាប់ពី 7.9 អ៊ីង, 9.7 អ៊ីង និង 10.1 អ៊ីង។
តាមប្រភពដដែលនេះ សម្រាប់ម៉ូដែល 7.9 អ៊ីងនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Smart Connector, អេក្រង់ True Tone Display, ប្រព័ន្ធបំពងសំឡេងចំនួន 4 និងកាមេរ៉ា iSight ខាងមុខក្រោយទំហំ 12 មេហ្គាភិចសែលថែមទាំងប្រើប្រាស់នូវភ្លើង True Tone Flash ថែមទៀត។ បើតាមប្រភពពី MacRumors វិញបានអះអាងថា សម្រាប់ម៉ូដែល iPad Pro ទាំង 3 ម៉ូដែលនេះប្រើប្រាស់នូវម៉ៃក្រូហ្វូនចំនួន 4 ហើយនៅតែរក្សានូវរន្ធដោតកាស 3.5 mm ។ បើតាមប្រភពពី MacRumors ដដែលបានឱ្យដឹងថា ម៉ូដែល 12.9 អ៊ីងវិញប្រើប្រាស់នូវ “ប្រព័ន្ធសែនស័រចាប់ពន្លឺដើម្បីប្តូរពណ៌ដោយស្វ័យប្រវត្តិដើម្បីផ្គូផ្គងយកពន្លឺនៅក្នុងបរិស្ថាននៅជុំវិញ”។
ក្រុមហ៊ុន Apple ក៏កំពុងបង្កើតនូវ iPad Pro ទំហំ 10.1 អ៊ីងដែលប្រើប្រាស់នូវកាមេរ៉ាទំហំ 12 មេហ្គាភិចសែល ហើយថែមទាំងពង្រឹងនូវភ្លើង True Tone Flash ថែមទៀត។ ខណៈពេលដែល Mac Otakara មិនទាន់មានការកត់ត្រាទៅលើពាក្យចចាមអារ៉ាមរបស់ក្រុមហ៊ុន Apple នោះ គម្រោងរបស់ក្រុមហ៊ុន Apple ប្រហែលជាលុបចោលនូវរន្ធដោតកាសចេញ ហើយថែមទាំងបន្ថែមនូវពណ៌ខ្មៅរលោង(Jet Black) ឱ្យដូចនៅលើទូរស័ព្ទ iPhone 7 ដែរ។ នៅក្នុងខណៈពេលនេះ យើងមិនទាន់ដឹងថាតើ iPad Pro ស៊េរីទាំង 3 ម៉ូដែលរបស់ក្រុមហ៊ុន Apple មានតម្លៃប៉ុន្មាននោះទេ ប៉ុន្តែយើងនឹងធ្វើការរាយការណ៍បន្ថែមទៀត៕