កាលពីម្សិលមិញនេះ ប្រភពព័ត៌មានដែលបានបែកធ្លាយមកពីប្រទេសចិនបានឱ្យដឹងពីតម្លៃរបស់ទូរស័ព្ទស៊េរីថ្មីបំផុត Xiaomi Mi Note 2 ជាមួយនឹងតម្លៃ 5,699 យ័នដែលជាតម្លៃមួយដែលថ្លៃបំផុតនៅក្នុងចំណោមទូរស័ព្ទជាច្រើនស៊េរីដែលក្រុមហ៊ុន Xiaomi ធ្លាប់ផលិតពីមុនមក។ ប្រសិនបើអ្នកជ្រើសរើសម៉ូដែលផ្សេងនោះវាប្រាកដជាមានតម្លៃធូថ្លៃជាងនេះច្រើន ប៉ុន្តែសម្រាប់ថ្ងៃនេះវិញព័ត៌មានក្តៅៗមួយទៀតដែលទើបនឹងចេញផ្សាយអះអាងថាតម្លៃបស់ Xiaomi Note 2 គឺមានតម្លៃទាបជាង 4,999 យ័ន។ ដូចនេះ តម្លៃរបស់វាអាចប្រហែលជា 742 ដុល្លារអាមេរិច ឬ 674 អ៊ឺរ៉ូបើគិតតាមអត្រាប្តូរប្រាក់នៅថ្ងៃនេះ។
វាគឺជាក់ស្តែងហើយដែលតម្លៃរបស់ទូរស័ព្ទស៊េរីថ្មីទំនើបមួយនេះមានតម្លៃលក់រាយថោកជាងទូរស័ព្ទកំពូលដទៃ ប៉ុន្តែវាប្រហែលជានៅតែថ្លៃជាងអ្វីដែលអ្នកបានរំពឹងទុក។ អ្វីដែលកាន់តែច្បាស់ជាងនេះទៀតនោះ ទូរស័ព្ទ Mi Note 2 បានក្លាយជាផលិតផលដែលបានកំណត់តម្លៃថ្លៃតាំងតែពីចេញព័ត៌មានលេចធ្លាយមកម្ល៉េះ។ តាមរយៈរបាយការណ៍ដែលបែកធ្លាយចុងក្រោយនេះ យើងអាចមើលឃើញរូបរាងយ៉ាងច្បាស់របស់ទូរស័ព្ទនេះដែលមានអេក្រង់កោងស្រដៀងទៅនឹងទូរស័ព្ទ Samsung ត្រកូល Edge ដែរ។ នៅផ្នែកខាងក្រោយរបស់វាបំពាក់នូវកាមេរ៉ាភ្លោះអមជាមួយនឹងស៊ុមដែកដ៏ស្រស់ស្អាតសម្រាប់បែងចែកកញ្ចក់អេក្រង់កោងស្ថិតនៅផ្នែកខាងមុខនឹងខាងក្រោយរបស់ទូរស័ព្ទនេះ។ សរុបមក ការរចនារូបរាងដ៏ប្រណិតនេះសក្តិសមហើយជាមួយនឹងតម្លៃរបស់វានោះ។
ពាក្យចចាមអារ៉ាមកាលពីពេលមុននេះ ក៏បាននិយាយអំពីទូរស័ព្ទ Mi Note 2 ផងដែរដែលដំណើរការនូវអង្គប្រតិបត្តិការ Snapdragon 821 SoC របស់ក្រុមហ៊ុន Qualcomm ជំនួយដោយរ៉េមសម្រាប់ផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ឬ 6GB ជាមួយនឹងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB, 128GB ឬ 256GB អាស្រ័យទៅលើតម្លៃដែលអ្នកចង់បាន។ សម្រាប់ស៊េរីម៉ូដែលដែលមានម៉េមូរីទំហំ 64GB អាចទ្រទ្រង់នូវអេក្រង់កម្រិតភាពច្បាស់ 1080p ហើយម៉ូដែលខ្ពស់ជាងគេទ្រទ្រង់នូវ QHD។ ក្រុមហ៊ុន Xiaomi នឹងធ្វើការប្រកាសនូវទូរស័ព្ទ Mi Note 2 ជាផ្លូវការនៅថ្ងៃទី 25 ខែតុលាឆាប់ៗនេះ ហើយទូរស័ព្ទនេះនឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី 01 ខែវិច្ឆិកាខាងមុខនេះ៕