ព័ត៌មានចចាមអារ៉ាមចុងក្រោយបានចេញផ្សាយឲ្យដឹងថា “ខណះពេលនេះក្រុមហ៊ុន Samsung កំពុងតែផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំងលើចង្វាក់ផលិតស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនដែលត្រៀមប្រកាសចេញនៅដើមឆ្នាំក្រោយនេះគឺ Galaxy S8”។ ប្រភពព័ត៌មានបន្តទៀតថា “ដើម្បីស្តារមុខមាត់ក្នុងទីផ្សារស្មាតហ្វូនឡើងវិញក្រោយពីព្យុះភ្លៀងជាមួយ Galaxy Note7 ក្រុមហ៊ុន Samsung នឹងស្វះស្វែងរកវិធីសាស្ត្រថ្មីដើម្បីផលិតស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនឲ្យកាន់តែមានភាពទំនើបជាមួយអ្វីៗដែលកាន់តែល្អពិសេសជាងមុន”។ មានប្រភពច្បាស់ការមួយលើកឡើងថា “ Samsung នឹងមិនប្រើកាមេរ៉ាថតរូបដូចស្មាតហ្វូនជំនាន់មុនៗទៀតទេ ពោលគឺក្រុមហ៊ុននឹងបំពាក់កាមេរ៉ាភ្លោះនៅលើស្មាតហ្វូន Galaxy S8 ជាមួយបច្ចេកវិទ្យាសំគាល់ប្រស្រីភ្នែក iris scanner ដែលបានប្រើនៅលើ Galaxy Note 7”។
ហើយសម្រាប់កាមេរ៉ាភ្លោះក្រុមហ៊ុន Samsung Electro-Mechanics គឺជាក្រុមហ៊ុនសំខាន់តែមួយគត់ក្នុងការចេញគំរូផលិតកាមេរ៉ា “Camera Module” ផ្តល់ទៅឲ្យ Samsung ក្នុងការបំពាក់លើ Galaxy S8 ហើយក្រុមហ៊ុន Partron and MCNEX ដែលជាអ្នកបង្កើតបច្ចេកវិទ្យា iris scanner បំពាក់លើ Galaxy Note 7 គឺនឹងច្នៃប្រឌិតបច្ចេកវិទ្យាមួយនេះឲ្យកាន់តែមានភាពទំនើបទ្វេឡើងសម្រាប់បំពាក់នៅលើ Galaxy S8 ដែលនឹងធ្វើឲ្យម៉ូដែលនេះមានភាពទំនើបល្អដាច់គេ។ ចំនែកប្រភពព័ត៌មានលេចលឺចេញពីកូរ៉េខាងត្បូងវិញបានបង្ហើបថា “ទោះបីជា Samsung បានប្រកាសបញ្ឈប់ការផលិត Galaxy Note 7 ក្តីក៏ផ្នែកមួយចំនួននៃកំពូលស្មាតហ្វូនមួយនេះនឹងយកមកប្រើដើម្បីផលិតស្មាតហ្វូនជំនាន់ថ្មីគឺ Galaxy S8 ហើយក្រុមហ៊ុននឹងធ្វើកុងត្រាជាមួយដៃគូផ្គត់ផ្គង់ផ្នែកសំខានៗទាំងឡាយធ្វើយ៉ាងណាបង្កើនសុវត្ថិភាពលើស្មាតហ្វូនដែលនឹងត្រៀមផលិតចេញដើម្បីធានាដល់ការប្រើប្រាស់ និងសេចក្តីទុកចិត្តសម្រាប់អ្នកប្រើប្រាស់។
ប៉ុន្តែទោះបីជាមានលេចចេញព័ត៌មានជាហូរជាហែរក្តីក៏ខាងតំណាងក្រុមហ៊ុន Samsung បានស្នើរទៅកាន់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ផ្នែកផ្សេងៗក៏ដូចជាបុគ្គលិករបស់ខ្លួនមិនឲ្យបញ្ចេញព័ត៌មានអ្វីទាំងអស់ទាក់ទងនឹងកំពូលស្មាតហ្វូនជំនាន់ថ្មីចុងក្រោយមួយនេះនោះទេ ទុកចាំរហូតដល់ម៉ូដែលមួយនេះប្រកាសចេញជាផ្លូវការណ៍។ ហើយចំពោះតម្លៃក្នុងការចំនាយលើការផលិតស្មាតហ្វូនជំនាន់ចុងក្រោយ Galaxy S8 ត្រូវបានគេប៉ាន់ប្រមាណថានឹងកើនឡើងទ្វេដងបើធៀបនឹងការចំនាយលើការផលិតជំនាន់មុនៗរបស់វា៕