តាមប្រភពពី Mediacreate បានរាយការណ៍ថា បន្ទាប់ពីការដាក់លក់ត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន ក្រុមហ៊ុន Sony បានលក់ដាច់នូវ PlayStation VR របស់ខ្លួនចំនួន 50,000 គ្រឿង ហើយ ខណៈពេលដែលប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ 2 នៅអាស៊ីដែលលក់បាន PlayStation VR នេះរហូតដល់ទៅ 10,000 គ្រឿង។
បើទោះបីជាចំនួនៃការលក់នេះហាក់ដូចជានៅមិនទាន់អស្ចារ្យនោះទេបើប្រៀបធៀបជាមួយនឹងការព្យាករណ៍ទៅលើគម្រោងនៃការលក់បានរហូតដល់ទៅ 2.6 លានគ្រឿងនោះ ទិន្នន័យនៃការលក់នេះគ្រាន់តែជាជំហានចាប់ផ្តើមដំបូងប៉ុណ្ណោះ។ លោក Daniel Ahmad ដែលជាអ្នកវិភាគខាងឧស្សាហកម្មនិយាយថា ក្រុមហ៊ុនមួយនេះបានធ្វើការព្យាករណ៍នូវការលក់នូវផលិតផលបច្ចេកវិទ្យាថ្មីនេះនៅក្នុងការកំណត់ជាក់លាក់មួយដើម្បីសាកល្បងនូវការវិវត្តន៍ខ្លួនរបស់ពួកគេ។
លោក Ahmad បានអះអាងទៀតថា ការផ្គត់ផ្គង់នេះមានរយៈពេលកំណត់រហូតទាល់តែចុងឆ្នាំនេះ ដូច្នេះក្រុមហ៊ុនមួយនេះអាចធ្វើការនៅលើកម្មវិធី Software ថ្មីៗ និងបន្ថែមនូវមុខងារថ្មីៗទៅលើផលិតផលបច្ចេកវិទ្យារបស់ពួកគេបាន។ ឧបករណ៍ PlayStation VR បានដាក់លក់នៅក្នុងតម្លៃ 399.99 ដុល្លារនៅថ្ងៃទី 13 ខែតុលានៅជុំវិញពិភពលោក។ វាត្រូវបានចាត់ទុកថាជាតម្លៃដ៏សមរម្យដែលអាចទទួលយកបានបើប្រៀបធៀបជាមួយនឹងដៃគូប្រកួតប្រជែងគឺមានតម្លៃថ្លៃជាងដូចជា Oculuss Rift (599 ដុល្លារ) និង HTC Vive (799 ដុល្លារ)។
សម្រាប់កញ្ចប់ PlayStation VR រួមបញ្ចូលនូវ PlayStation Camera និង Move Controllers ដែលមានតម្លៃ 499.99 ដុល្លារ។ ឧបករណ៍នេះសម្រាប់គ្រប់គ្រងការបញ្ជាចលនា និងត្រួតពិនិត្យដ៏ជាក់លាក់មួយ។ ក្រុមហ៊ុន Sony ក៏បានប្រកាសរួចហើយនូវ PlayStation 4 Slim ខណៈពេលដែលឧបករណ៍ PlayStation 4 Pro នឹងប្រកាសបង្ហាញនៅក្នុងខែវិច្ឆិកាខាងមុខនេះ៕