បើគិតពីសុវត្ថិភាពរបស់ទូរស័ព្ទ អ្នកគួរតែជ្រើសរើសនូវទូរស័ព្ទ LG V20 វិញព្រោះ អ្នកអាចជឿទុកចិត្តបាន ហើយវាមិនមែនតែផ្តោតសំខាន់ទៅលើគុណភាពសំឡេងល្អឥតខ្ចោះ និងកាមេរ៉ាភ្លោះនោះទេ។ របាយការណ៍ថ្មីមួយមកពីប្រទេសកូរ៉េបានបង្ហាញថា ទូរស័ព្ទស៊េរីថ្មីនេះនឹងដាក់នៅក្នុងហាងទំនិញជាច្រើននៅទឹកដីសហរដ្ឋអាមេរិចនៅសប្តាហ៍ក្រោយនេះ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះទូរស័ព្ទនេះបានធ្វើការតេស្តសាកល្បងជាង 60,000 ដងមុនពេលចាប់ផ្តើមធ្វើការផលិតក្នុងចំនួនយ៉ាងច្រើននេះ។
ការធ្វើតេស្តសាកល្បងដ៏ច្រើននេះគឺដើម្បីបង្ហាញអំពីភាពធន់របស់វា។ ក្រុមហ៊ុន LG បានប្រើប្រាស់នូវដែករបារមួយសម្រាប់ធ្វើការតេស្តទម្លាក់ ព្រោះដែកគឺជាលោហធាតុដែលរឹងជាងគេបំផុត។ ក្រុមហ៊ុនក៏បានធ្វើតេស្តសាកល្បងនូវការទម្លាក់នូវគែមរបស់ទូរស័ព្ទ LG V20 រយៈកម្ពស់មួយម៉ែត្រ និងត្រួតពិនិត្យរហូតទាល់តែវាអាចធន់ទៅនឹងការធ្លាក់បាន។ ការតេស្តសាកល្បងផ្សេងទៀតមានដូចការទម្លាក់គ្រាប់បាល់ដែកទៅលើអេក្រង់របស់ទូរស័ព្ទ LG V20 ហើយក៏ធ្វើការពិនិត្យមើលថាតើស្មាតហ្វូននេះអាចទប់ទល់ទៅនឹងទម្ងន់របស់មនុស្សបានដែរឬទេ?
ទូរស័ព្ទ V20 ក៏បានឆ្លងកាត់ការធ្វើតេស្តរួមបញ្ចូលគ្នាជាប្រព័ន្ធមួយទៅលើ User Interface ហើយនឹងកម្រិតនៃការប៉ះ Touch Screen ក៏ត្រូវបានឆែកមើលដោយដៃយ៉ាងល្អិតល្អន់ពីក្រុមការងាររបស់ក្រុមហ៊ុន LG ។ លើសពីនេះទៀត ទូរស័ព្ទនេះក៏បានធ្វើតេស្តទៅលើប្រេកង់វិទ្យុផងដែរ។ ក្រុមហ៊ុន LG បានប្រកាសថា ទូរស័ព្ទ LG V20 អាចធ្វើការផ្តល់នូវរលកសញ្ញា Wireless នៅក្នុងបរិស្ថានផ្សេងៗគ្នាដែលរួមបញ្ជូលទាំងនៅបន្ទប់ក្រោមដីផងដែរ។ ការធ្វើតេស្តដោយម៉ាស៊ីនស្វ័យប្រវត្តិក៏បានសាកល្បងអំពីល្បឿននៃសេវាកម្មបណ្តាញជាក់លាក់ដូចជាការប្រើប្រាស់សេវាកម្មរ៉ូមីងជាអន្តរជាតិថែមទៀត។
ក្នុងខណៈពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតកំពុងតែប្រឈមមុខទៅនឹងការរិះទៅលើកង្វះខាតនៃការត្រួតពិនិត្យទៅលើគុណភាពផលិតផលរបស់ខ្លួន វាគឺជាការលើកទឹកចិត្តមួយដែលមើលឃើញថាក្រុមហ៊ុន LG បានខិតខំព្យាយាមសម្រេចបាននូវឧបករណ៍ផលិតផលបច្ចេកវិទ្យាថ្មីរបស់ខ្លួនដែលមានសុវត្ថិភាព ធន់រឹងម៉ាំ ប្រើប្រាស់បានយូរ និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនថែមទៀត។ សង្ឃឹមថា ការខិតខំប្រឹងប្រែងទាំងនេះរបស់ក្រុមហ៊ុន LG ពិតជាផ្តល់នូវសុវត្ថិភាពខ្ពស់បំផុតសម្រាប់អតិថិជនរបស់ខ្លួនទៅលើទូរស័ព្ទ LG V20 ហើយវាមិនមានជាការខិតខំឥតប្រយោជន៍នោះទេ៕