នៅថ្ងៃនេះ របាយការណ៍ថ្មីមួយចេញមកពីប្រទេសកូរ៉េខាងត្បូងបានអះអាងថា ទូរស័ព្ទ Samsung មានឆន្ទះក្នុងការធ្វើការជាមួយនឹងក្រុមហ៊ុនដៃគូប្រកួតប្រជែងដ៏ធំរបស់ខ្លួននៅក្នុងប្រទេសជាមួយគ្នា ដើម្បីធានាបាននូវថ្ម ដែលមានគុណភាពគ្មានបញ្ហាតទៅទៀតសម្រាប់ទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន Galaxy S8 ។ វាអាចជាការពិតបន្ទាប់ពីការបរាជ័យរបស់ហ្វាប់ប្លេត Galaxy Note 7 ទៅលើបញ្ហាថ្មនោះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung សុំមិនបញ្ចេញឈ្មោះម្នាក់ត្រូវបានគេដកស្រង់សំដីដែលបាននិយាយថា “យើងកំពុងសម្លឹងមើលការផ្គត់ផ្គង់ផ្សេងដែលអាចជារបស់ក្រុមហ៊ុន LG Chem។” មួយឃ្លានេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងមួយទៀតរបស់ក្រុមហ៊ុននេះដើម្បីស្វែងរកក្រុមហ៊ុនផ្សេងដែលអាចផ្គត់ផ្គង់នូវថាមពលថ្មបាន។
មកទល់ពេលនេះ ក្រុមហ៊ុន Samsung Electronics បានធ្វើការជាមួយនឹងក្រុមហ៊ុនតែពីរប៉ុណ្ណោះគឺក្រុមហ៊ុន Samsung SDI និងក្រុមហ៊ុន ATL ។ មុនពេលដែលមានការប្រកាសប្រមូលនូវហ្វាប់ប្លេត Galaxy Note 7 ត្រលប់មកវិញនោះ ក្រុមហ៊ុន Samsung ជឿជាក់ថាក្រុមហ៊ុន SDI ជាអ្នកផលិតថ្មដែលមានបញ្ហាដែលបណ្តាលឱ្យហ្វាប់ប្លេតនេះអាចបណ្តាលឱ្យផ្ទុះថ្មបាន ហើយការផលិតថាមពលថ្មរបស់ក្រុមហ៊ុន ATL ក៏ប្រហែលជាមានបញ្ហាអាចផ្ទុះដូចគ្នាដែរ។
ប្រភពជាច្រើនមកពីប្រទេសកូរ៉េបាននិយាយថា កិច្ចព្រមព្រៀងនៃការផ្គត់ផ្គង់ថាមពលថ្មរវាងក្រុមហ៊ុន LG Chem និង Samsung នៅមិនទាន់បានចុះហត្ថលេខានៅឡើយទេ ហើយយើងនៅមិនទាន់បានដឹងថាវានឹងកើតឡើងនៅពេលណាដែរ។ ប៉ុន្តែការចរចារអាចនឹងកំពុងដំណើរការហើយ។ យ៉ាងណាមិញ អ្វីដែលសំខាន់នោះគឺថាក្រុមហ៊ុន Samsung និង LG មិនធ្លាប់ទិញផ្នែកណាមួយពីគ្នានោះទេចាប់តាំងពីពួកគេបានប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លានៅក្នុងការផលិតនូវផលិតផលប្រើប្រាស់គ្រឿងអេឡិចត្រូនិកជាច្រើនដូចគ្នានោះ៕