ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មីមួយទៀតរបស់ Meizu ម៉ូដែល M5 ទើបតែទទួលបានអាជ្ញាប័ណ្ឌបញ្ចាក់ពីគុណភាពផលិត និងប្រព័ន្ធសុវត្ថិភាពពីស្ថាប័នសុវត្ថិភាពលើប្រព័ន្ធបច្ចេកវិទ្យាក្នុងប្រទេសចិន FCC កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ហើយពេលនេះក្រុមហ៊ុន Meizu ផ្ទាល់បានប្រកាសបញ្ជាក់ពីគុណសម្បត្តិនៃស្មាតហ្វូនស៊េរីថ្មីមួយនេះជាផ្លូវការណ៍ហើយ។ Meizu បានបញ្ជាក់ថា Meizu M5 នឹងបំពាក់ដោយកញ្ចក់អេក្រង់កម្រិត HD ឬ 1280x 720px ទំហំ 5.2” ស្រោបដោយកញ្ចក់ការពារ Curved 2.5D glass, បំពាក់កាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងខាងមុខទំហំ 5.0 មេហ្គាភិចសែល។
Meizu M5 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការថ្មី Yun OS ស្រោបដោយផ្ទៃអ៊ីនធើហ្វេស Meizu Flyme លើបន្ទះឈីប MediaTek MT 6750- 64 bit មានអង្គគណនា 8 គ្រាប់ (octa-core) ល្បឿន 1.5GHz និងមានថ្មខ្នាត 3,070 mAh។ ស្មាតហ្វូនស៊េរីថ្មីមួយនេះនឹងមានពីរម៉ូដែលផ្សេងគ្នាគឺម៉ូដែលរ៉េមទំហំ 2GB, មេម៉ូរីម៉ាស៊ីនទំហំ 16GB និងម៉ូដែលរ៉េមទំហំ 3GB, ម៉េមូរីម៉ាស៊ីនទំហំ 32GB ព្រមទាំងអាចបន្ថែមម៉េមូរីកាតក្រៅបានផងដែរជាមួយរន្ធប្រភេទ hybrid។ ចំពោះតម្លៃរបស់ Meizu M5 ពិតជាធូរថ្លៃមែនទែនដោយម៉ូដែល 16GB មានតម្លៃប្រហែល $103 និងម៉ូដែល 32GB មានតម្លៃប្រហែល $132។ Meizu ប្រកាសថាស្មាតហ្វូនស៊េរីថ្មីមួយនេះនឹងបង្ហាញចេញជាផ្លូវការណ៍នៅខែវិចិ្ឆកានេះតែម្តងសម្រាប់ទីផ្សារប្រទេសចិន ហើយសម្រាប់ទីផ្សារប្រទេសផ្សេងៗទៀតនៅមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ៕