បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung មិនមានសំណាងល្អជាមួយនឹងហ្វាប់ប្លេត Galaxy Note 7 ដែលបានជួបនូវបញ្ហាថ្មរហូតដល់ធ្វើការប្រកាសប្រមូលត្រលប់មកវិញ និងឈប់ផលិតនោះក៏ដោយ ក៏ក្តីសង្ឃឹមទាំងអស់របស់ក្រុមហ៊ុនមួយនេះនៅមិនទាន់បាត់បង់នោះទេ។ តាមរយៈការវាស់ស្ទង់មតិថ្មីៗនេះ បង្ហាញថាអតិថិជន 70% របស់ហ្វាប់ប្លេត Note 7 នៅតែស្មោះស្ម័គ្រមានភក្តីភាពជាមួយនឹងម៉ាកយីហោក្រុមហ៊ុន Samsung ដដែល ហើយក្រុមហ៊ុន Samsung ក៏នៅតែផលិតនូវផលិតផលបច្ចេកវិទ្យាដ៏អស្ចារ្យនៅក្នុងឆ្នាំ 2016 នេះ។ នោះគឺនាឡិកាឆ្លាតវៃ Gear S3 ដែលពេលនេះបានដាក់ឱ្យធ្វើការបញ្ជាទិញមុនហើយនៅក្នុងចក្រភពអង់គ្លេសតាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសមួយនេះ។
នាឡិកា Gear S3 ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Tizen របស់ក្រុមហ៊ុន Samsung ហើយវាជាអ្នកស្នងត្រកូលរបស់នាឡិកា Gear S2 ដែលបានប្រកាសបង្ហាញខ្លួននៅដើមខែតុលាឆ្នាំមុន បានធ្វើដំណើរដល់ចក្រភពអង់គ្លេសហើយ! នាឡិកាឆ្លាតវៃស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុន Samsung មួយនេះបំពាក់នូវប្រព័ន្ធ 4G LTE ហើយថែមទាំងអាចធ្វើការផ្ញើរសារ ឬទទួលការខលថែមទៀត អ្នកអាចធ្វើការបង្វិលនូវប៊ូតុង Bezel នៅខាងនាឡិកាសម្រាប់ធ្វើការផ្លាស់ប្តូរនៅលើ UI នៃអេក្រង់ ការបំពាក់នូវមុខងារមិនជ្រាបទឹកបានរយៈពេល 30 នាទី ហើយនឹងបច្ចេកវិទ្យា Samsung Pay ដែលអ្នកអាចប្រើប្រាស់នាឡិកាមួយនេះសម្រាប់ការទិញទំនិញនៅតាមបណ្តាហាងទំនើបជាច្រើនដោយប្រើប្រាស់នូវបច្ចេកវិទ្យា NFC និង MST សម្រាប់ធ្វើការទូទាត់ការចំណាយរបស់អ្នក។
នៅពេលនេះនាឡិកាឆ្លាតវៃ Gear S3 មានពីរជម្រើសសម្រាប់ធ្វើការជ្រើសរើសគឺប្រភេទ Classic និង Frontier ។ ម៉ូដែលប្រភេទ Classic ជាប្រភេទនាឡិកាដែលមានតម្លៃថ្លៃប្រណិត ចំនែកនាឡិកា Frontier វិញមានការរចនាល្អឥតខ្ចោះសម្រាប់លោកអ្នកដែលចូលចិត្តធ្វើដំណើរចញទៅខាងក្រៅ។ នាឡិកាទាំងពីរមានតម្លៃដូចគ្នាគឺ 349 ផោន (ប្រហែលជា 425 ដុល្លារ) នៅលើគេហទំព័ររបស់ក្រុមហ៊ុន Samsung នៅក្នុងចក្រភពអង់គ្លេស ហើយការដឹកជញ្ជូននឹងមកដល់នៅថ្ងៃទី 11 ខែវិច្ឆិកាខាងមុខនេះ។
វាក៏មានប្រាក់រង្វាន់បន្ថែមផងដែរ សម្រាប់អតិថិជនដំបូង 100 នាក់ដំបូងដែលបានធ្វើការបញ្ជាកម្មង់ទិញនូវនាឡិកានេះ ចេញពីក្រុមហ៊ុនSamsung នឹងទទួលបាននូវកាសស្តាប់ Level Active Headphones របស់ក្រុមហ៊ុន Samsung ដោយឥតគិតថ្លៃ។ កាសស្តាប់នេះមានតម្លៃ 99.99 ដុល្លារហើយវាពិតជាដៃគូដ៏អស្ចារ្យជាមួយនឹងនាឡិកា Gear S3 ៕