នាឡិកាឆ្លាតវៃ Samsung Gear S3 Classic និង Frontier ត្រូវបានប្រកាសបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ IFA នៅក្នុងខែកញ្ញា ហើយគិតមកទល់ពេលនេះ វាមានរយៈពេលយូរគួរសមដែរ។ ឥឡូវនេះ នាឡិកាឆ្លាតវៃ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Tizen បានដាក់លក់ហើយនៅក្នុងប្រទេសកំណើតរបស់ខ្លួនកូរ៉េខាងត្បូង ហើយវានឹងចាប់ផ្តើមដាក់លក់ទីផ្សារជាច្រើនទៀតនៅក្នុងសប្តាហ៍នេះ។
ចាប់ផ្តើមពីថ្ងៃទី 18 ខែវិច្ឆិកាតទៅ នាឡិកា S3 ទាំងពីរម៉ូដែលនឹងធ្វើការដាក់លក់នៅក្នុងចក្រភពអង់គ្លេស ប្រទេសបារាំង ប្រទេសអាឡឺម៉ង់ សហរដ្ឋអាមេរិច ប្រទេសអូស្រា្តលី ប្រទេសឌូបៃ និងសិង្ហបុរី។ សូមចងចាំថា ប្រព័ន្ធ Samsung Pay នៅលើនាឡិកាឆ្លាតវៃនេះ គឺដាក់ដំណើរការបានតែនៅសហរដ្ឋអាមេរិច ប្រទេសអូស្រា្តលី និងសិង្ហបុរីនោះទេ (អ្វីដែលចម្លែកនោះគឺថា ប្រទេសកូរ៉េមិនទាន់បានបញ្ជាក់ថាអាចប្រើប្រាស់នៅ Samsung Pay បាននៅឡើយ)។ វានឹងមានកម្មវិធីពិសេសៗជាច្រើនសម្រាប់នាឡិកាឆ្លាតវៃ Samsung Gear S3 នេះ។ ប៉ុន្តែ កម្មវិធីទាំងអស់នេះ គឺអាស្រ័យទៅតាមតំបន់ផ្សេងៗគ្នា។
សូមរំលឹកឡើងវិញថា នាឡិកាឆ្លាតវៃ Gear S3 Frontier មានបំពាក់នូវប្រព័ន្ធប្រតិបត្តិការ LTE Connectivity ចំនែកនាឡិកា S3 Classic វិញប្រើប្រាស់តែ Wi-Fi/Bluetooth តែប៉ុណ្ណោះ។ នាឡិកាឆ្លាតវៃទាំងពីរនេះ ភ្ជាប់ជាមួយនឹងប្រព័ន្ធ GPS ដូចនេះ វាអាចធ្វើការតាមដាននូវការរត់របស់អ្នកបានត្រឹមត្រូវ ការវាស់នូវចង្វាក់បេះដូង និងមុខងារមិនជ្រាបទឹក IP68 ។ សូមចងចាំថា៖ នាឡិកា S3 Frontier អាចប្រើប្រាស់នូវស៊ីមកាតបានផងដែរ៕